តូចចិត្តខ្លួនពិការយូរឆ្នាំ បុរសចំណាស់ម្នាក់ បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯងក្នុងខ្ទម

0
8

បន្ទាយមានជ័យ៖ បុរសម្នាក់ជាជនពិការបានដាច់ចិត្ត ធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយបំផ្ទុះគ្រាប់បែកស្លាប់នៅក្នុងខ្ទម។ ហេតុការណ៍បំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតនេះបានកើតឡើង នៅវេលាម៉ោង ៤និង១០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោកប៉ិក គឹមហ៊ាក់ អធិការស្តីស្រុកភ្នំស្រុក បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ម៉ី កូត ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនពិការ(ដើរមិនរួច)យូរឆ្នាំ នៅតែម្នាក់ឯង គ្មានប្រពន្ធកូន នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីអតីតធ្លាប់បានធ្វើជាទាហានផងដែរ។

លោកអធិការស្តីទី បានបញ្ជាក់ថា ក្រោយពីកើតមានករណី បំផ្ទុះគ្រាប់បែកធ្វើអត្តឃាត កម្លាំងនគរបាលបានបង្កើត ក្រុមការងារហ៊ុព័ទ្ធកន្លែងកើតហេតុ និងក្រុមការងារចុះធ្វើកោសល្យវិច្ច័យ ដែលមានសមាសភាព៖១-លោកវរសេនីយ៍ឯក សួន សុត្ថារ័ត្ន នាយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ និងសហការរី,២-រូបលោកផ្ទាល់,៣-លោក ទន់ ថុល មេឃុំណាំតៅ, ៤-លោកអនុសេនីយ៍ឯក គុណ ឆវិន មេបញ្ជាការរង កងរាជអាវុធហត្ថស្រុកភ្នំស្រុក,៥-វេជ្ជបណ្ឌិត ត្រួក ចាន់ឌី ពេទ្យកោសល្យវិច្ច័យ។

លោកវរសេនីយ៍ឯក សួន សុត្ថារ័ត្ន នាយការិយាល័យ បច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ឆ្លងតាមការត្រួតពិនិត្យឃើញ វត្ថុតាងមាននៅនឹងកន្លែងកើតហេតុ ១-គំរបគ្រាប់បែកមានពណ៌ខៀវម៉ាក(មីនី)ចំនួន០១, ២-កន្លាស់គ្រាប់បែកធ្វើពីដែកមូលចំនួន១ និងខ្លួនសព មានស្នាមរបួសជាច្រើនកន្លែង។

លោកនាយការិយាល័យបច្ចេកទេស បានបញ្ជាក់ថា ជនរងគ្រោះពិការនោះគឺអវជីវៈ មានធម្មតាតែគាត់ដើរមិនរួច តាមការឲ្យដឹងពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះធ្លាប់ធ្វើជាទាហាន ធ្លាក់ខ្លួនឈឺពិការជាង ១០ឆ្នាំមកហើយ។ ផ្អែកលើការពិនិត្យយ៉ាង ល្អិតល្អន់របស់មន្រ្ដីជំនាញ និងការសន្និដ្ឋានរបស់លោកគ្រូពេទ្យ កោសល្យវិច្ច័យ ឈ្មោះ ម៉ី កូត បានបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតសម្លាប់ខ្លួន ពិតប្រាកដមែន មិនមែនជាករណីឃាតកម្មទេ។
ទាក់ទិននឹងការដាច់ចិត្តធ្វើអត្តឃាតនេះ សង្ស័យតូចចិត្តនឹងខ្លួនពិការ យូរឆ្នាំរស់នៅម្នាក់ឯង។ មួយវិញទៀតគ្រាប់បែក ដែលធ្វអត្តឃាតនោះសង្ស័យ គាត់លាក់ទុកកាលពីធ្វើទាហាន ហើយគ្មានអ្នកណាបានដឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here