ភ្នំពេញ÷ ទឹកភ្លៀងបានធ្លាក់ខ្លាំងតាំងពីយប់ថ្ងៃទី៣១ខែសីហា ឆ្លងចូល ថ្ងៃទី១ខែកញ្ញា បណ្តាលអោយលិចលង់ផលដំណាំនិងផ្ទះសម្បែងប្រជាពលរដ្ឋ មួយចំនួន តែមិនទាន់បង្កអោយប៉ះពាល់អាយុជីវិតមនុស្សសត្វនោះទេ។
លោក នូវ រិទ្ធី អភិបាលរងស្រុកភ្នំព្រឹកបានឲ្យដឹងថា ទឹកភ្លៀងធ្លាក់គំហុកនេះបណ្តាលឲ្យធ្វើឲ្យប៉ៈពាល់ដំណាំ ផ្ទះសំបែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងឃុំចំនួនបី គឺ ឃុំភ្នំព្រឹក ឃុំបារាំងធ្លាក់ និងឃុំបួរ នៃស្រុកភ្នំព្រឹក។ ទោះបីយ៉ាងណា នៅមិនទាន់ដឹងពីទំហ៊ំនៃការប៉ះពាល់នៅឡើយ ដោយអាជ្ញាធរកំពុងតែប្រមូលព័ត៌មាន បូកសរុបនៅឡើយ។
អភិបាលស្រុកភ្នំព្រឹកបាន ដឹកនាំមន្រ្តីពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋានចុះពិនិត្យទីកន្លែងដែលជន់លិច និង ត្រៀមរៀបចំជម្លៀស ពលរដ្ឋទៅ ទីទួលសុវត្ថិភាព ខណៈដែលគិតត្រឹមម៉ោងជាងបីរសៀលថ្ងៃទី១ខែសីហា ទឹកភ្លៀងកំពុងបន្តធ្លាក់បន្ថែមទៀត។
សូមបញ្ជាក់ថាក្រសួងធនធានទឹកនិងឧត្តុនិយម បានចេញសេចក្តីជូនដំណឹង ថាចាប់ពី ថ្ងៃទី១ដល់ថ្ងៃទី៧ខែកញ្ញា ព្រះរាជាណាចក្រកម្ពុជា ទទួលរងនៅឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំង ជាមួយប្រព័ន្ធសម្ពាធទាប នឹងថ្ងៃទី២ទី៤និងថ្ងៃទី៧ខែកញ្ញា មានឥទ្ធិពលបន្ថែម គឺខ្សល់សមុទ្រBreeze។
ស្ថានភាពបែបនេះធ្វើអោយបណ្តាខេត្តតំបន់ទំនាបកណ្តាល ,ជាប់ជួរភ្នំដងរ៉ែក និង ខ្ពង់រាបឥសាន និងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំទៅដោយ ផ្គររន្ទះ និងខ្សល់កន្រ្តាក់ ។ អំឡុងពេលនេះក៏មានជំនន់ទឹកភ្លៀងនៅតំបន់ទំនាបកណ្តាល និង ក្នុងផ្ទៃសមុទ្រ ពិសេសក្បែរបណ្តា កោះរលកសមុទ្រអាចកើតឡើងក្នុងកម្រិតមធ្យមផងដែរ៕







