ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា ក្រសួងនឹងអនុញ្ញាតដាក់ឲ្យដំណើរការ សាកល្បងទីតាំងសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ធ្វើជាកន្លែងផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។
យោងតាមលិខិត ផ្ញើជូនអភិបាលរាជនីភ្នំពេញ និងខេត្តសៀមរាប នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានបន្តថា ដោយឡែក សេចក្តីជូនព័ត៌មាននូវឈ្មោះសណ្ឋាគារ ដែលនឹងដាក់ឲ្យដំណើរការសាកល្បងនេះ នឹងត្រូវចេញផ្សាយដោយ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តសៀមរាប។
លោករដ្ឋមន្ដ្រី បញ្ជាក់ថា អាស្រ័យដូចបានជម្រាបជូនខាងលើ អភិបាលរាជធានីភ្នំពេញ និងសៀមរាប ត្រូវជម្រាបជូនដល់ម្ចាស់សណ្ឋាគារ ដែលមានបំណងរៀបចំ ជាកន្លែងផ្ដល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ត្រូវទំនាក់ទំនងមកក្រសួងសុខាភិបាល តាមរយៈអនុគណៈកម្មការបច្ចេកទេស និងព្យាបាល ដើម្បីទទួលបាននូវការណែនាំអំពីរបៀប នៃការដាក់ពាក្យស្នើសុំ ការអនុញ្ញាតនេះ៕