ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា ក្រោយពីធ្វើការស៊ើបអង្កេត អស់រយៈពេល២ឆ្នាំ ប្រទេសអៀរឡង់បានធ្វើការផាកពិន័យក្រុមហ៊ុន WhatsApp ២៦៦លានសហរដ្ឋអាមេរិក ទាក់ទងទៅនឹងការប្រព្រឹត្តល្មើសនឹងច្បាប់ការពារទិន្នន័យឯកជនភាព (GDPR law)។
នេះជាការផាកពិន័យ ដ៏ធំបំផុតទាក់ទងទៅនឹងការរំលោភបំពានទៅលើច្បាប់ GDPR ដែលមានចំនួនទឹកប្រាក់ ដល់ទៅបួនដងច្រើនជាងទឹកប្រាក់ដែលអាជ្ញាធរបានស្នើសុំ។ ប្រទេសអៀរឡង់បានចោទប្រកាន់ក្រុមហ៊ុនថា បានចែករំលែកព័ត៌មានរបស់អ្នកប្រើប្រាស់ជាមួយនឹង ក្រុមហ៊ុនហ្វេសប៊ុកដោយពុំបានជូនដំណឹង ដល់អ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវ។
គួរបញ្ជាក់ផងដែរថា ទាំងអាជ្ញាធរ និងអ្នកប្រើប្រាស់ជុំវិញពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុន WhatsApp បានប្រកាសដាក់ចេញនូវលក្ខខណ្ឌថ្មីកាលពីដើមឆ្នាំនេះ ដែលទាមទារឱ្យ អ្នកប្រើប្រាស់ទាំងអស់ត្រូវតែយល់ព្រម ចែករំលែកទិន្នន័យឯកជនភាពរបស់ពួកគេ មានដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជីអាសយដ្ឋាន លេខសំគាល់អាសយដ្ឋានទីតាំង (IP address) និងទិន្នន័យរបស់អ្នកប្រើប្រាស់ មួយចំនួនទៀតជាមួយក្រុមហ៊ុនហ្វេសប៊ុក ដែលធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនបានងាកមកប្រើកម្មវិធីទំនាក់ទំនង សង្គមផ្សេងៗទៀតមានដូចជា Telegram និង Signal ជាដើម៕