មន្រ្តីជំនាញចុះស្រាវជ្រាវករណីសង្ស័យពុលស្រា នៅរាជធានីភ្នំពេញ

0
7

ភ្នំពេញ៖ បន្ទាប់ពីបានទទួលដំណឹងពីករណីសង្ស័យពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋចំនួន៣នាក់ ស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ លោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប បានបញ្ជាឱ្យមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋាន ចុះពិនិត្យនិងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីប្រមូលយកសំណាកគំរូមកវិភាគរកមូលហេតុនៃការស្លាប់បាត់បង់ជីវិត។

កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានចុះដល់កន្លែងកើតហេតុ និងបានរកឃើញនិងយកគំរូស្រាដែលជនរងគ្រោះបានបរិភោគសល់ យកមកវិភាគនៅមន្ទីរពិសោធន៍ រកសារធាតុមេតាណុល ដែលជាសារធាតុពុល។ យោងលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប. បាន បង្ហាញឱ្យឃើញថា៖ ក្នុងចំណោមគំរូស្រាចំនួន៥គំរូ ដែលទទួលបានពីកន្លែងកើតហេតុ មាន៣គំរូមានវត្តមានសារធាតុមេតាណុលពី ១.៣% រហូតដល់ ៨.៨% លើសពីកម្រិតអនុញ្ញាត (០.១៥%) ពី១៣ ដល់ ៨៨ដង ដែលជាកម្រិតមួយគ្រោះថ្នាក់បំផុតសម្រាប់អ្នកបរិភោគ។

បន្ទាប់ពីទទួលបានលទ្ធផលវិភាគ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងមានការសម្របសម្រួលដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាកែច្នៃ មាស ហុង ដែលមានអាស័យដ្ឋានស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយបានរកឃើញស្រាកែច្នៃរួច និងស្រាស រួមទាំងសម្ភារៈកែច្នៃស្រាមួយចំនួនសម្រាប់ធ្វើជាវត្ថុតាង។

ជាមួយគ្នានេះ មន្រ្តីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្តាទីតាំងចែកចាយ និងផ្ទះលក់ទំនិញនានាក្នុងរាជធានីភ្នំពេញ ដោយបានដកហូតស្រាទំពាំងបាយជូនិងស្រាសសញ្ញាមាស ហុង ចំនួន ៤៨យួរ (មួយយួរ១២ដប) មករក្សាទុកជាបណ្តោះអាសន្ន។ មន្រ្តីជំនាញនឹងបន្តចុះប្រមូលនៅតាមបណ្តាផ្សារ និងទីតាំងចែកចាយនានានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបញ្ឈប់ការបរិភោគស្រាទំពាំងបាយជូ និងស្រាសសញ្ញាមាស ហុង ជាបន្ទាន់ ដើម្បីការពារអាយុជីវិតរបស់លោកអ្នកនិងអំពាវនាវដល់អាជីវករទាំងអស់សូមបញ្ឈប់ការលក់ និងចែកចាយស្រាទំពាំងបាយជូនិងស្រាសសញ្ញាមាស ហុង និងសូមទាក់ទងប្រគល់ជូនអគ្គនាយកដ្ឋានក.ប.ប. ដើម្បីធ្វើការកំទេចចោល៕

LEAVE A REPLY

Please enter your comment!
Please enter your name here