ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ញើរសារដាស់តឿន ប្រជាពលរដ្ឋទាំងអស់ បន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់ ទោះបីអត្រាចម្លងជំងឺកូវីដ-១៩ បានថយចុះគួរឱ្យកត់សម្គាល់។
តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ បានលើកឡើងថា «អត្រាចម្លងជំងឺកូវីដ-១៩ បានថយចុះគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងនេះក្តី សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ” ដើម្បីរួមគ្នាលុបបំបាត់ការចម្លងជំងឺដ៏កាចសាហាវនេះ»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩៥,៣០០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៩០,៦៨៤នាក់ និងស្លាប់១,៩៥៧នាក់។
ដោយឡែក គិតត្រឹមថ្ងៃទី៥ ដដែលនេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១១,២៤២,៨០៦នាក់៕