ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី៨-១៤ ខែកញ្ញា ឆ្នាំ២០២១ ដោយបានបញ្ជាក់ថា រាជធានី-ខេត្តចំនួន១១របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង។
ក្នុងចេញសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា រាជធានីខេត្តចំនួន១១របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង រួមមានខេត្តបាត់ដំបង , ខេត្តពោធិ៍សាត់ , ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង , ខេត្តកំពង់ស្ពឺ , ខេត្តកណ្តាល ,ខេត្តស្វាយរៀង, រាជធានីភ្នំពេញ, ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត។
សេចក្តីជូនដំណឹងដដែលបានឲ្យដឹងបន្ថែមថា នៅក្នុងសប្ដាហ៍ខាងមុខ កម្ពុជានឹងទទួលនូវឥទ្ធិពល៖
-ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង
-ប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ , ឡាវ , នឹងវៀតណាម រួចនឹងចុះបន្តិចមកលើកម្ពុជាយើង
-ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ
-ខ្យល់សមុទ្រ ( Sea Breeze )
-វិសម្ពាធពីរ ដែលមួយស្ថិតនៅខាងកើតក្បែរ ប្រទេសហ្វីលីពីន ដែលបច្ចុប្បន្នបានបំប្លែងខ្លួន ទៅជាព្យុះទី១៣ ឈ្មោះ កុន សុន (STS CONSON ) ដែលនឹងមានដំណើរឆ្ពោះទៅប្រទេសវៀតណាមខាងជើង និងវិសម្ពាធសកម្មមួយទៀត ដែលស្ថិតនៅក្នុងសមុទ្រភាគខាងកើតហ្វីលីពីន ធ្វើដំណើរទៅលើមិនមានឥទ្ធិពលមកលើកម្ពុជាយើងទេ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C
– ផ្ទៃមេឃអួរអាប់នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ទន្ទឹមនោះ បណ្តាខេត្តមួយចំនួនមានជាអាទិ៍៖ ខេត្តបាត់ដំបង , ខេត្តពោធិ៍សាត់ , ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង , ខេត្តកំពង់ស្ពឺ, ខេត្តកណ្តាល ,ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– ផ្ទៃមេឃអួរអាប់ នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣៖ តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– ផ្ទៃមេឃអួរអាប់មានពពក អ័ព្ទច្រើន នឹងអាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ ។ ទន្ទឹមនោះនៅក្នុងភូមិសាស្ត្រនៃខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត ក៏អាចមាននូវជំនន់ទឹកភ្លៀងផងដែរ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវសូមប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕