ឃាត់យានយន្តដឹកជញ្ជូនខ្សាច់ ធុនធ្ងន់ចំនួន ៦គ្រឿង រក្សាទុករយៈពេល ១ឆ្នាំ នៅមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តរតនគិរី -កំពង់ស្ពឺ

0
8

ភ្នំពេញ៖ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំដោយ លោក សេង ឈួន រដ្ឋលេខាធិការ អមដំណើរដោយ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ លោក គឹម សាន់ អនុរដ្ឋលេខាធិការ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការឃាត់ត្រួតពិនិត្យយានយន្តដឹកខ្សាច់ចំនួន ៥គ្រឿង ដែលដឹកលើសចាប់ពី ១៥តោន ដល់ ២២តោន បានធ្វើការផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំដោយសារផ្ទុកទម្ងន់ លើសពី ២០% នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។

គួរបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើនៅលើផ្លូវជាតិលេខ៧៨ ក្នុងភូមិអូរកន្សែង ឃុំបឹងកន្សែង ស្រុកបានលុង ខេត្តរតនគិរី។

ដោយឡែក យានយន្តដឹកខ្សាច់ធុនធ្ងន់ ផ្ទុកទម្ងន់សរុប ៧០តោន ១គ្រឿងទៀត ដែលផ្ទុកលើស៣០តោន បានធ្វើការផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺដោយសារផ្ទុកទម្ងន់លើសពី ២០% នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។

ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងដោយគ្មានការលើកលែងឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here