ភ្នំពេញ៖ លោកវរនាវីឯក Ivan Stadchenko អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា បានកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ បានយ៉ាងមានប្រសិទ្ធភាព។
លោក បានធ្វើការកោតសរសើរបែបនេះក្នុង ជុំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងជំនួបនេះ អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីដែលបញ្ចប់អាណត្តិ បានថ្លែងអំណរគុណចំពោះ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដែលតែងបានជួយគាំទ្រនិងបង្កលក្ខណៈដល់ការបំពេញ បេសកកម្មការទូត យោធារបស់ លោកទទួលបានជោគជ័យ ជាពិសេសការសម្របសម្រួលផ្តល់លទ្ធភាព លើកិច្ចសហការនានាជា មួយបណ្តាស្ថាប័ន-កងឯកភាព ចំណុះកងទ័ពជើងគោក។
ទន្ទឹមគ្នានេះ លោកក៏បានសម្តែងនូវការគោរពកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុង គ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពស្របទៅតាមដំណាក់កាល វិវត្តនៃសភាពការណ៍ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់កងទ័ពជើងគោក នៅក្នុងកិច្ចការដ៏មានសារៈសំខាន់ ចាំបាច់ចំពោះមុខនេះ។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះលោកវរនាវីឯក Ivan Stadchenko ដែលបានខិតខំប្រឹងប្រែងបំពេញបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យក្នុងអាណត្តិការងារកន្លងមក ដោយសម្រេចបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ និងពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការរឹត ចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ ល្អរវាងយោធានិងយោធា។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានយកឱកាសនេះសម្តែងនូវការអរគុណចំពោះប្រទេសរុស្ស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់នៅ ក្នុងការកសាងស្តា និងអភិវឌ្ឍប្រទេសកម្ពុជាក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៩៨០ ជាពិសេសជំនួយលើការអភិវឌ្ឍ ធនធាន មនុស្សទាំងក្នុងស្ថាប័នស៊ីវិល និងយោធា ហើយដែលជំនួយក្នុង វិស័យនេះក៏បានបន្តមកដល់សព្វថ្ងៃនេះផងដែរ។
ចំណែកលោកវរនាវីឯក Vitaly Luchshev អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីថ្មីប្រចាំនៅកម្ពុជា បានសម្តែងនូវការ រីករាយ ដែលបានទទួលការតែងតាំងឱ្យមកបំពេញការងារនៅកម្ពុជា និងបានជម្រាបជូនថា ជាមួយនឹង បទពិសោធន៍ ដែលលោកមានជាច្រើនឆ្នាំនៅក្នុងតំបន់អាស៊ាន លោកនឹងខិតខំប្រឹងប្រែងសម្របសម្រួល បន្តអនុវត្តទិសដៅកិច្ច សហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ជាចុងក្រោយ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានផ្តាំផ្ញើនូវការថ្លែងអំណរគុណ ចំពោះលោក Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ដែលកាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅដែលបានផ្តល់នូវ គ្រឿងឥស្សរិយយស “ថ្នាក់មិត្តភាព-Order of Friendship” ជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម ក្នុងការជំរុញនិងពូនជ្រំទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីតាំង ពីអតីតកាល រហូតមកដល់បច្ចុប្បន្ន៕













