រន្ធត់ណាស់! មនុស្ស២ស្លាប់នៅនឹងកន្លែងនិង៧នាក់ទៀតរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ និងបន្តទៅបុកជាមួយគោយន្តកន្ត្រៃ

0
14

បន្ទាយមានជ័យ៖ មនុស្ស២បានស្លាប់នៅនឹងកន្លែង និង៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូនិងបន្តទៅបុកជាមួយគោយន្តកន្ត្រៃ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្រៅទីប្រជុំជន ត្រង់ចំណុចខាងកើតស្ពានអូរឬស្សី ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ដំបូងមានរថយន្ត១គ្រឿង ម៉ាកHIGHTLANDER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AN-5046 បើកបរដោយឈ្មោះ ណែ ពុំ ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកក្នុងទិសដៅ ពីកើតទៅលិច នៅពេលបើកដល់ចំណុចខាងកើតស្ពានអូរឬស្សី ប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិភ្នំលៀបខាងកើត ឃុំភ្នំលៀប បានបុកម៉ូតូ១គ្រឿង ម៉ាកទ្រីមសេរី១៩៩៩ ពណ៌ខ្មៅ គ្មានស្លាកលេខ ពីក្រោយ បើកបរដោយ ឈ្មោះ សឿន តុលា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិទ្រយោងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (របួសជើងឆ្វេងធ្ងន់)។

លោកអធិការបានបន្តថា ក្រោយពីបុកម៉ូតូរួចអ្នកបើករថយន្តបានព្យាយាមបើករត់គេចខ្លួន ពេលមកចំណុច ខាងលិចផ្លូវចូលវត្តឡោតេប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិភ្នំលៀបខាងលិច ឃុំភ្នំលៀប បានបុកជាមួយគោយន្ត កន្ត្រៃ១គ្រឿងទៀត បើកក្នុងទិសដៅពីលិចទៅកើតរួចត់ឆ្វេង បើកបរដោយឈ្មោះ ក្រិញ ជុំ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិឡោតេ ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យស្លាប់២នាក់នៅ នឹងកន្លែងកើតហេតុ អ្នកបើកគោយន្តនិងអ្នករួមដណើរម្នាក់ជាប្រពន្ធ ចំណែកកូនប្រុសអាយុ១២ឆ្នាំ របួសធ្ងន់។ ចំពោះអ្នកបើក រថយន្តនិងអ្នករួមដំណើរសរុប៥នាក់ របួសធ្ងន់។ អ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យខេត្តបាត់ដំបងនិងមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី។

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី បានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពី អ្នកបើករថយន្តមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកគោយន្តកន្ត្រៃបត់ឆ្វេង ប្តូរទិសមិនប្រយ័ត្ន។ ចំពោះវត្ថុតាង ម៉ូតូគោយន្តនិងរថយន្តខូចធ្ងន់ នគរបាលជំនាញយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ក្រោយពីពិនិត្យនិងវាស់វែងរួច ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here