ក្រសួងបរិស្ថាន៖ សាលារៀនចំនួន៦ ជាប់ជ័យលាភីសាលាមេត្រីបរិស្ថាន នៅកម្ពុជាឆ្នាំ២០២១

0
11

ភ្នំពេញ៖ សាលារៀនចំនួន៦ ដែលក្នុងនោះមានសាលាបឋមសិក្សាចំនួន៣និងមធ្យមសិក្សាចំនួន៣ បានទទួលជ័យលាភីសាលាមេត្រីបរិស្ថាន ឆ្នាំ២០២១។

យោងតាមក្រសួងបរិស្ថានបានឲ្យដឹងថា សាលាជ័យលាភីទាំង ៦ នោះរួមមាន សម្រាប់កម្រិតបឋមសិក្សា ១)-សាលាបឋមសិក្សា វត្តចែង ខេត្តបាត់ដំបង ជ័យលាភីកម្រិតមាស ២)-សាលាបឋមសិក្សា ក្រវ៉ាន់ ខេត្តសៀមរាប ជ័យលាភីកម្រិតប្រាក់ ៣)-សាលាបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ ជ័យលាភីកម្រិតសំរឹទ្ធ និងសម្រាប់កម្រិត មធ្យមសិក្សា ១)-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ទទួលបានជ័យលាភីកម្រិតមាស ២)-វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ខេត្តក្រចេះ ទទួលបានជ័យលាភីកម្រិតប្រាក់ ៣)-វិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីកម្រិតសំរិទ្ធ។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី ៨ -៩ ខែកញ្ញា ឆ្នាំ២០២១នេះ នឹងចូលរួម ក្នុងពិធីប្រគល់ពានរង្វាន់ និងវិញ្ញាប័នបត្រព្រមទាំងថវិកាមួយចំនួនដល់ជ័យលាភី មេដាយមាសរបស់ សាលាបឋមសិក្ស វត្តចែង ខេត្តបាត់ដំបង និង ជ័យលាភីមេ ដាយសំរិទ្ធ របស់វិទ្យាល័យចំណេះទូទៅនិង បច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង។

លោក នេត្រ ភក្រ្តាថ្លែងថា ក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារ សម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងក្របខ័ណ្ឌការងារអប់រំ ការងារបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ និងការងារផ្តល់សេវាពិគ្រោះយោបល់ លើវិស័យបរិស្ថាន ជាពិសេសគណៈកម្មការវាយតម្លៃសាលាមេត្រីបរិស្ថានដែលបានផ្តល់កិច្ចសហ ការយ៉ាងល្អប្រសើរ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ក្នុងការ រៀបចំការប្រឡងប្រណាំង សាលាមេត្រីភាពបរិស្ថានចំនួន ៣ លើកមកនេះ។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា ក្នុងនាមក្រសួងបរិស្ថាន ក៏សម្តែងនូវការកោតសរសើរខ្ពស់ចំពោះ សាលាបឋមសិក្សា និងមធ្យមសិក្សាសរុបចំនួន ៤៨ ដែលបានចូលរួម ក្នុងចលនាប្រឡងប្រណាំង មេត្រីភាពបរិស្ថាននៅឆ្នាំ ២០២១ នេះដែលជាការប្រកួតប្រជែងសាលាមេតីបរិស្ថានរៀងរាល់២ឆ្នាំម្តង លើកទី៣។

សូមបញ្ជាក់ថា ចលនាសាលាមេត្រីបរិស្ថានកម្ពុជា ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា លើការបញ្ជ្រាប ចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រឡាញ់បរិស្ថាន និងការជំរុញប្រតិបត្តិមេត្រីភាព បរិស្ថាន សំដៅគាំទ្រដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព និងការរស់នៅដោយចីរភាព។

លក្ខខណ្ឌវិនិច្ឆ័យទាំង ៤ ចំណុចនៃសាលាមេត្រីបរិស្ថានរួមមាន ទី១) មានគោលការណ៍និងរដ្ឋបាល របស់សាលាលើការងារបរិស្ថាន ទី២) មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថានក្នុងសាលា និងសហគមន៍ជុំវិញ (ជាកម្មវិធីសិក្សាបន្ថែម ឬបញ្ជ្រាប) ទី៣)មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ នានានិងការប្រតិបត្តិបរិស្ថាន ទី៤) មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធនិងការផ្សព្វផ្សាយ តាមសហគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here