កម្ពុជារកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីDelta កើនឡើងដល់ជាង៣ពាន់ករណីហើយ

0
9

ភ្នំពេញ៖ កម្ពុជាបានរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ចំនួន៣៣២៣ករណី គិតរហូតមកដល់ពេលនេះ ដោយរីករាលដាលនៅរាជធានីខេត្តចំនួន២៤ លើកលែងតែខេត្តកែបមួយប៉ុណ្ណោះ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១បានឲ្យដឹងថា ក្រសួង បានកត់សម្គាល់ផងដែរថា ការចម្លងមេរោគនាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ដិ។ ក្រសួងអំពាវនាវដល់យុវវ័យគ្រប់រូបបង្កើនការប្រុងប្រយ័ត្ន និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។

លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកជាថ្មី និងអំពាវនាវដោយទទូចដល់សាធារណជនឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹង ជំងឺកូវីដ-១៩»។ ការធ្វើបែបនេះសំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here