មេប៉ូលីស បញ្ជាឱ្យឃាត់ខ្លួនមន្ត្រីនគរបាលដែលយកអាយកូមវាយស្ត្រីជិះម៉ូតូ បណ្ដាលឲ្យបែកក្បាល

0
17

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យឃាត់ខ្លួន និងចាត់វិធានការទៅតាមច្បាប់ចំពោះ មន្ត្រីនគរបាលខណ្ឌ៧មករា ដែលបានប្រើហិង្សាលើអ្នកជិះម៉ូតូមិនគោរពច្បាប់កាលពីយប់មិញ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនោះ មន្ត្រីនគរបាលដែលប្រើហិង្សានោះ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកើតហេតុរួច។

លោក សាន សុខសីហា បានបញ្ជាក់ថា “ទោះបីជនរងគ្រោះត្រូវគ្នាបញ្ចប់រឿងត្រឹមសំណងក្តី ក៏មន្ត្រីនោះនៅតែត្រូវអនុវត្តវិន័យកងកម្លាំងផងដែរ”។

សូមរំលឹកថា នៅវេលាម៉ោងប្រមាណ ៨៖២០នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីហិង្សាមួយរវាងមន្ត្រនគរបាលខណ្ឌ៧មករា ជាមួយនឹងអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

មន្រ្តីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះពីរនាក់បងប្អូន បានជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ពេលជិះដល់គោលដៅត្រួតពិនិត្យ ក៏ព្យាយាមជិះបកក្រោយវិញ ហើយក៏ត្រូវមន្ត្រីនគរបាលយកអាយកូមវាយ បណ្តាលឱ្យត្រូវស្ត្រីជិះខាងក្រោយបែកក្បាល និងធ្លាក់ពីលើម៉ូតូផងដែរ។

ប្រភពបានឱ្យដឹងថា ស្ត្រីជាជនរងគ្រោះក្នុងអំពើហិង្សានេះ មានឈ្មោះ ងន ស្រីនិច អាយុ ២២ឆ្នាំ។ រីឯអ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ ១៨ឆ្នាំ។ ចំណែក មន្ត្រីនគរបាលដែលប្រើហិង្សា ត្រូវបានគេស្គាល់ថា មានឈ្មោះ ម៉ាត់ ពិសី។

ចំពោះហេតុការណ៍ហិង្សានេះផងដែរ នាំឱ្យមានការថ្កោលទោសយ៉ាងខ្លាំងលើមន្ត្រីនគរបាល និងទទូចឱ្យមន្ត្រីនគរបាលអនុវត្តច្បាប់ដោយក្រមសីលធម៌បញ្ចៀសនូវការប្រើហិង្សា៕

LEAVE A REPLY

Please enter your comment!
Please enter your name here