ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចអនុញ្ញាឲ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥ ខែកញ្ញា។
យោតាមតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១បានបញ្ជាក់ថា “រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា-អាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនទាំងអស់ថា អនុវត្តតាមខ្លឹមសារ នៃសេចក្តីណែនាំលេខ ៤៦ អយក.សណន ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបង្រៀននិងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ត្រ ដែលមានហានិភ័យទាប រដ្ឋបាលរាជធានីភ្នំពេញ សម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ និងក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗ បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ”។
ដោយឡែក ចំពោះគ្រឹះស្ថានសិក្សាកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឯកជននីមួយៗ ត្រូវស្នើសុំគោលការណ៍មករដ្ឋបាលរាជធានីភ្នំពេញ រីឯគ្រឹះស្ថានសិក្សាសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់ក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃអំពីកម្រិតហានិភ័យទៅតាមស្ថានភាព ជាក់ស្ដែងមុននឹងសម្រេចអនុញ្ញាត ឬ ត្រូវរក្សាស្ថានភាពដដែល។
ទន្ទឹមនឹងនេះ ចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ទាំងឡាយដែលត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសឹក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងអប់រំយុវជន និងកីឡា និងសេចក្តីណែនាំលេខ ០២៣ សណន ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕