ភ្នំពេញ៖ ក្រុមហ៊ុនរ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត របស់ប្រទេស អូស្ត្រាលី ទទួលបានសិទ្ធិរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល នៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន និងបានស្វាគមន៍ដោយក្តីរីករាយចំពោះការមកវិនិយោគតំបន់រ៉ែមាស នៅខេត្តត្បូងឃ្មុំ ពិសេសក៏ស្នើដល់ក្រុមហ៊ុនត្រូវរក្សាចំណុចណាមួយសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ ដោយធ្វើយ៉ាងណាកុំឱ្យមានការថ្នាំងថ្នាក់ធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋ។
លោកជាម ច័ន្ទសោភ័ណ ថាសព្វថ្ងៃមានប្រជាពលរដ្ឋមួយចំនួន បានកំពុងអាស្រ័យផលក្នុងតំបន់នោះ ដោយពួកគាត់ធ្វើសកម្មភាពរ៉ែងជាលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩នេះ។ ដូច្នេះសូមខាងក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងមេត្តាយោគយល់ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យបានសមរម្យ។
លោកបន្ថែមថា ក្នុងនោះខាងក្រុមហ៊ុនបើអាចសុំផ្តល់ការងារជូនប្រជាពលរដ្ឋ ក្នុងតំបន់នោះ ដើម្បីឱ្យពួកគាត់មានការងារធ្វើជៀសវាងការធ្វើចំណាកស្រុក ទៅរកការងារធ្វើឆ្ងាយ ឬចេញទៅក្រៅប្រទេសជាដើម។
តំណាងក្រុមហ៊ុន រ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ស្រុក មេត្តាផ្តល់កិច្ចសហការ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការរ៉ុករករ៉ែធ្វើទៅបានរលូន ព្រោះគឺជាផលប្រយោជន៍ទាំងអស់គ្នាទាំងខាងក្រុមហ៊ុន និងរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ជាក្រុមហ៊ុនរ៉ុករករ៉ែ ខ្នាតធំអន្តរជាតិរបស់ប្រទេស អូស្ត្រាលី ដែលបានរុករ៉ែជាច្រើនប្រទេសមកហើយ ក្នុងនោះមាននៅកម្ពុជា ថៃ ម៉ាឡេស៊ី ជាដើម។ រហូតមកដល់ពេលនេះ នៅកម្ពុជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណចំនួន៧ ក្នុងនោះ១ជាអាជ្ញាប័ណ្ណអាជីវកម្ម និង៦ទៀតជាអាជ្ញាប័ណ្ណស្វែងរុករក បូករួមទាំងខេត្តត្បូងឃ្មុំនេះផងដែរ៕