ភ្នំពេញ៖ ស្រឡាញ់រួមរស់នៅជាមួយគ្នា ដូចប្ដីប្រពន្ធបាន ១១ខែ ស្រាប់តែខាងស្រីប្ដឹងសមត្ថកិច្ច ចាប់ខ្លួនខាងប្រុស ចូលប៉ុស្តិ៍ដោយចោទពីបទចាប់រំលោភរូបនាង។ ការឃាត់ខ្លួននេះធ្វើឡើង កាលពីព្រឹកថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២១ នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ភាគីខាងស្រី អាយុ២៥ឆ្នាំ ចំណែកភាគីខាងប្រុសឈ្មោះ ថោង សុថា អាយុ២៦ឆ្នាំ អ្នកទាំង ២ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា អ្នកទាំង២បានស្រឡាញ់ និងរស់នៅជាមួយគ្នាអស់រយៈពេល ១១ខែមកហើយ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែភាគីខាងស្រីចោទថា ខាងប្រុសចាប់រំលោភខ្លួន និងប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
បើតាមភាគីខាងប្រុស បានរៀបរាប់ឲ្យដឹងថា ពួកគេបានស្រលាញ់គ្នាចិត្តនិងចិត្ត ដោយរស់នៅជាមួយគ្នា ដូចប្តីប្រពន្ធទៅហើយ តែមិនទាន់រៀបការទេ មួយរយៈក្រោយនេះ គាត់បានសុំនារីជាសង្សាររៀបការ តាមប្រពៃណីតែភាគីខាងស្រីមិនព្រម។ រហូតដល់រយៈពេល ៤ថ្ងៃចុងក្រោយនេះ នារីជាសង្សារបានបាត់ខ្លួន មិនដឹងទៅណាទេតែពេល គាត់ខលសួរនារីជាសង្សារប្រាប់ថា នៅដេកផ្ទះមីង។ លុះដល់ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ គាត់ក៏បានខលសួរមីងថារយៈពេល ៤ថ្ងៃនេះសង្សារខ្លួនមានទៅដេកទីនោះរឺអត់? តែមីងប្រាប់ថា មិនបានឃើញនារីជាសង្សារគាត់ទៅទីនោះទេ ទើបធ្វើឱ្យគាត់ខឹងសប្បារ និងទៅរកដល់រោងចក្រ ហៅមកបន្ទប់ជួលដើម្បីសួរនាំ ។ ខណៈមកដល់បន្ទប់ជួលគាត់ បានទាញដៃចូលក្នុងបន្ទប់ជួល ដើម្បីនិយាយគ្នា ពេលនោះនារីជាសង្ស័យ ក៏បានចោទថាចាប់រំលោភទៅវិញ និងប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្ននេះ បុរសខាងលើត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅផ្នែកព្រហ្មទណ្ឌខណ្ឌ ពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធី៕