ចិន ប្ដេជ្ញានឹងនាំចូល ផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សាររបស់ខ្លួន ឱ្យកាន់តែច្រើន ដើម្បីប្រយោជន៍កសិករខ្មែរ

0
8

ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអះអាងប្រាប់សម្តេចតេជោ ហ៊ុន សែន ថា ចិននឹងនាំចូលផលិតផល កសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើន ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ។

ថ្លែងនៅក្នុងជំនួបទ្វេភាគី ជាមួយប្រមុខការទូតចិន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា រដ្ឋាភិបាលចិនបានសម្រេច ផ្តល់ជំនួយវ៉ាក់សាំងប្រមាណ ៣លានដូសថែមទៀត ដល់ប្រទេសកម្ពុជា ដើម្បីទុកសម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។

សម្តេចតេជោបានមានប្រសាសន៍ថា វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣នេះ បានមកដល់ចំនួន ២លានដូសហើយ ហើយនឹងមកដល់៣លានដូសទៀត ដែលមានចំនួនសរុប ៥លានដូស ហើយបូកថែមនឹងជំនួយរបស់ មិត្តចិនថ្មីនេះចំនួន ៣លានដូសទៀត និងការចាក់កន្លងមកជិត ១លានដូស យើងនឹងមាន៩លានដូស។ បើយើងត្រូវការចាក់ ១២លានដូសទៀត យើងត្រូវការតែ៣លានដូសទៀតប៉ុណ្ណោះ។ ជាមួយនឹងការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ចិនបានក្លាយជាប្រទេសបង្អែក ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកម្ពុជា។ មកដល់ពេលនេះ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំង បង្ការការពារមេរោគកូវីដ-១៩ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនចំនួន ២៦.៨ លានដូសហើយ។

ជាមួយនេះផងដែរលោក វ៉ាង យី បានអះអាងប្រាប់សម្តេចតេជោថា «ចិននឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកើនតែច្រើន ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ»។

សម្តេចតេជោបានបញ្ជាក់នៅក្នុងជំនួបថា សម្តេចបានលើកបញ្ហាកសិផលជាមួយលោក វ៉ាង យី ស្ដីពីការនាំកសិផលកម្ពុជា ត្រង់ទៅកាន់ប្រទេសចិន ដែលក្នុងនោះដូចជាមានប៉ៃលិនជាដើម។ សម្តេចតេជោ មានប្រសាសន៍ថា ចិនកំពុងបើកទូលាយទីផ្សារ ហើយនៅពេលដែលកិច្ចព្រមព្រៀង ពាណិជ្ជកម្មកម្ពុជា-ចិន ដែលនឹងចូលជាធរមាននៅពេលខាងមុខ យើងនឹងអាចប្រើប្រាស់ទីផ្សាររបស់ចិន និងទទួលបានផលប្រយោជន៍ ពីទីផ្សាររបស់ចិន។ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ជាមួយនឹងការប្តេជ្ញាជួយពីមិត្តចិន។

ឆ្លើយតបនឹងការលើកឡើងនេះ លោក វ៉ាង យី បានថ្លែងថា ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិន យើងនឹងពួតដៃគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាឱ្យបានកាន់តែច្រើន។ លោកអះអាងថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា។ ប្រទេសចិននឹងនាំចូលផលិតផលកសិកម្ម ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារចិន ឱ្យបានច្រើន ដើម្បីនាំមកនូវផលប្រយោជន៍ កាន់តែច្រើនសម្រាប់កសិករកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here