ភ្នំពេញ៖ ក្នុងរយៈពេល ១ខែ នៃខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាប បានបទល្មើសគ្រឿងញៀនសរុបចំនួន ៤៤០ករណី កើនឡើង១១១ករណី ស្មើនឹង ៣៣,៧ភាគរយ ធៀបនឹងខែកក្កដា ឆ្នាំ២០២១។ ករណីល្មើសដែលបង្ក្រាប បានទាំងនោះរួមមាន ករណីរក្សាទុកជួញដូរ និងរក្សាទុកមានចំនួន ៣៥៥ករណី, ករណីប្រើប្រាស់មានចំនួន ៨៤ករណី និងករណីសំយោគកែច្នៃ ១ករណី។
យោងតាមហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា កិច្ចប្រតិបត្តិការខែសីហាកន្លងទៅនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន ៨៦១នាក់។ ចំនួនជនសង្ស័យពាក់ព័ន្ធនឹង បទល្មើសគ្រឿងញៀនទាំងនេះ មានការកើនឡើងចំនួន ១២នាក់ ធៀបនឹងខែកក្កដា ឆ្នាំ២០២១ ស្មើនឹង១,៤ភាគរយ។ ក្នុងចំណោមជនសង្ស័យទាំនោះ រួមមានជនសង្ស័យក្នុងករណីជួញដូរ និងរក្សាទុកមានចំនួន ៦៥០នាក់, ជនសង្ស័យក្នុងករណីប្រើប្រាស់គ្រឿងញៀន ២១០នាក់ និងជនសង្ស័យក្នុងករណីសំយោគ កែច្នៃមានម្នាក់។ មានជនបរទេស ២១នាក់ ស្ថិតក្នុងចំណោមជនសង្ស័យទាំងនោះ។
ថ្វីដ្បិតថាករណីគ្រឿងញៀន និងចំនួនជនសង្ស័យដែល សមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនបាន មានការកើនឡើងធៀបនឹងខែកក្កដា ប៉ុន្តែក្នុងកិច្ចប្រតិបត្តិការខែសីហានេះ ចំនួនគ្រឿងញៀនដែលសមត្ថកិច្ច ចាប់យកបានថយចុះ ១៦១គីឡូក្រាម និង៥៤៨,១៧ក្រាម ថយចុះ៧៣,៦ភាគរយ ពោលគឺសមត្ថកិច្ចយើងបាន ចាប់យកគ្រឿងញៀនសរុបចំនួន ៥៧គីឡូក្រាម និង៩១២,៥៤ក្រាម ធៀបនឹងខែកក្កដា ដែលមានគ្រឿងញៀនចាប់យកជិត ២២០គីឡូក្រាម។ កំណើនកាលពីខែកក្កដានោះ ក៏ដោយសារសមត្ថកិច្ច បង្ក្រាបបានករណីធំៗ។
ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានថ្លែងកោតសរសើរ និងការលើកទឹកចិត្តខ្ពស់ជាថ្មីម្ដងទៀត ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ទាំងស៊ីវិល នគរបាល និងកងរាជអាវុធហត្ថ ដែលបានខិតខំរួមសហការគ្នាយ៉ាងល្អ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ដើម្បីរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជន៕












