អ្នក​សិក្សា​និង​បុគ្គលិក​អប់រំ​ ដែល​មិនទាន់​ចាក់​វ៉ាក់សាំង ហាមមិនឲ្យ​ចូលក្នុង​បរិវេណ​សាលារៀន​

0
8

ភ្នំពេញ៖ លោក ហង់​ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានឲ្យដឹងថា អ្នកសិក្សា និង​បុគ្គលិក​អប់រំ ដែល​មិនបាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​មិនគួរឲ្យចូល ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា ឬ ការរៀន​តាម​បណ្តុំ​ឡើយ​។​

យោងតាមសេចក្ដីណែនាំ​ស្តីពី​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​ការ​លើកកម្ពស់​សុខភាព និង​សុវត្ថិភាព​សិក្សា ក្នុង​ការ​បង្រៀន និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ចុះ​ថ្ងៃ​ទី​១៣​កញ្ញា​ឆ្នាំ២០២១ លោក ហង់​ ជួនណា​រ៉ុ​ន ប្រសាសន៍ថា អ្នក​សិក្សា និង​បុគ្គលិក​អប់រំ​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​គ្រប់ៗ​គ្នា​ហើយ​ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ មុនពេល​ចូល​គ្រឹះស្ថានសិក្សា​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា” អ្នក​សិក្សា និង​បុគ្គលិក​អប់រំ ដែល​មិនបាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩. មិនគួរ​អនុញ្ញាត​ឱ្យចូល ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា ឬ ការរៀន​តាម​បណ្តុំ ប៉ុន្តែ​ត្រូវ​បង្រៀន​និង​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ចំពោះ​អ្នកសិក្សា និង​បុគ្គលិក​អប់រំ​ដែលមាន​ជំងឺ​ប្រចាំកាយ ឬ​អាយុ​ច្រើន គួរ​អនុញ្ញាតឱ្យ​បង្រៀន និង រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​”។

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ត្រូវ​រៀបចំ​ផែនការ​ធ្វើតេស្ត​រហ័ស​តាមបែប​ជម្រើស​ដោយ​ចៃដន្យ ដែលមាន​លក្ខណៈ​ជាវ​ដ្ត និង សមស្រប​នឹង​ហានិភ័យ​ស្ថាប័ន ឬ អង្គភាព និង​ប្រព្រឹត្តទៅ​ជាប្រចាំ​លើ​អ្នកសិក្សា និង​បុគ្គលិក​អប់រំ ចំនួន​យ៉ាងតិច ៥% ទៅ ១០% នៃ​បុគ្គលិក​អប់រំ​ក្នុង​ស្ថាប័ន ឬ អង្គភាព​(​ដោយ​ក្នុង​សំណាក​នីមួយៗ ត្រូវមាន​បុគ្គលិក​ដែលមាន​ទីតាំង​លំនៅឋាន​ក្នុង​តំបន់​ខុសៗ​គ្នា​)​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ផែនការ​នេះ​គួរ​ធានា​ថា​ បុគ្គលិក អប់រំ​ទាំងអស់​ដែលមាន​វត្ត​មាននៅ​បរិវេណ​ស្ថាប័ន ឬ​អង្គភាព​ទទួលបាន​ការ​ធ្វើតេស្ត​រហ័ស​ជាប្រចាំ​(​យ៉ាងតិច​១​ដង​ក្នុង​ចន្លោះ ១ ទៅ​២​សប្ដាហ៍ កំណត់​បុគ្គលិក​ដែល​មាន​ហានិភ័យ​ខ្ពស់​ដូចជា​បុគ្គលិក​ដែល​មាន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គលិក​ផ្សេងទៀត​ឬ​មនុស្ស​ក្រៅ​ស្ថាប័ន​ឬ​អង្គភាព​ច្រើន រួច​ធ្វើតេស្ត​រហ័ស​ឱ្យ​ញឹកញាប់​លើ​បុគ្គល ទាំងនោះ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​ ប្រសិនបើ​មាន​ករណី​វិជ្ជមាន ឬ​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ប្រតិបត្តិ ស្តីពី​ការប្រើប្រាស់​តេស្ដ​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វី​ង​-១៩​។​

​ក្នុងករណី​មាន​លទ្ធផល​ត​ស្ដ​រហ័ស​វិជ្ជមាន​លើ​បុគ្គល ដែល​ត្រូវបាន​ចាត់ទុកថា​ជា​បុគ្គល​មាន​ហា​និ ភ័យ សា្ថ​ប័ន​នោះ​ត្រូវដាក់​បុគ្គល​នោះ​នៅ​ដោយឡែក​និង​ស្នើ​ឱ្យមាន​ការធ្វើ តេស្ត​PCR​បញ្ជាក់​មុននឹង​បញ្ជូន​បុគ្គល​នោះ​ទៅ​ព្យាបាល​ហើយ អាជ្ញា​ធរមាន​សមត្ថកិច្ច អាច​ផ្ដល់​ការសម្របសម្រួល​កិច្ចសហការ​និង​គាំទ្រ ទាំង​ធនធាន ឧបករណ៍​សម្ភារ​និង​បច្ចេកទេស។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀតថា​ ត្រូវ​វាស់​ស្ទង់កម្ដៅ​អ្នកសិក្សា បុគ្គលិក​អប់រំ និង​អ្នក​ដទៃទៀត​មុន​អនុញ្ញាត​ឱ្យចូល​បរិវេណ​គ្រឹះស្ថានសិក្សា​ហើយ​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ​ត្រូវ​ពាក់​ម៉ាស់​ឱ្យបាន​ជាប្រចាំ ដែល​អាច​បង្ការ​ការឆ្លង រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​ត្រូវ​ទុកដាក់​ក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ​បន្ទាប់ពី​ការប្រើប្រាស់​រួច​និង​រៀបចំ​ឱ្យមាន​គម្លាត​សុវត្ថិភាព​នៅ​គ្រប់​ទីតាំង​រៀន​តាម​បណ្ដុំ ក្នុង​គ្រឹះស្ថានសិក្សា រួមទាំង​ទីតាំង​តុ កៅអី ក្នុង​បន្ទប់រៀន យ៉ាងតិច ១​ម៉ែត្រ​កន្លះ​ពីគ្នា ដោយ​កំណត់​រូបភាព ជាការ​រៀន​តាម​បណ្តុំ ដែល មាន​ចំនួន​តិចជាង ១៥ នាក់ ។​

គួរ​បញ្ជាក់​ថា ​ការ​ចេញ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​ការលើកកម្ពស់​សុខភាព និង​សុវត្ថិភាព​សិក្សា ក្នុង​ការ​បង្រៀន និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​រាជធានី​ខេត្ត​ចំនួន​បាន​ចាប់ផ្តើម​បើក​និង​ត្រៀម​បើក​សាលារៀន​ឡើងវិញ​ជា​បន្តបន្ទាប់​ដូចជា​ខេត្ត​ព្រះសីហនុ​បាន​បើក​នៅ​ថ្ងៃ​ទី១៣​កញ្ញា​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ពោធិ៍សាត់​ប្រកាស​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី​១៥​កញ្ញា​ខណៈ​ខេត្ត​កំពង់ចាម​បើក​នៅ​ថ្ងៃទី​២០​កញ្ញា​។​

​ចំណែក​ខេត្ត​ផ្សេងៗ​ទៀត​នៅ​មិនទាន់​កំណត់​ថ្ងៃ​បើក​នៅឡើយ​ទេ​ដោយសារ​សាលា​ជាប់​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here