ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទទួលការចាក់ដូសទី៣ឬដូសជំរុញ រួចហើយនៅព្រឹកនេះ។
នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាមួយភរិយាជាទីស្រឡាញ់។
(តែពីរនាក់ បានហើយយាយនិងតា)»។
សម្ដេចតេជោ បញ្ជាក់ថា «នៅទូទាំងប្រទេស ចាក់ដូសទី៣ឬដូសជំរុញ បានប្រមាណជិត៧៨មុឺននាក់ រួចទៅហើយ។ យើងនឹងបន្តការចាក់ដូសទី៣ ឱ្យបានគ្រប់ៗគ្នា សម្រាប់បងប្អូន ដែលបានចាក់ដូស ទី១និងដូសទី២រួចរាល់ ទៅតាមពេលវេលា ដែលត្រូវចាក់ដោយ គិតពីដូសទី២ទៅដូសទី៣ ក្នុងរយៈពេលពី៤ទៅ៦ខែ»៕