ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ទោះបីជាអ្នកចាក់វ៉ាក់សាំងប្រភេទអ្វីក៏ដោយ ក៏ត្រូវចាក់ដូសទី៣ បន្ថែមទៀត ប្រសិនជាចង់ឱ្យមាន កងការពារគ្រប់គ្រាន់។
ការលើកឡើងបែបនេះ បន្ទាប់ពីមានគណនីហ្វេសប៊ុក ឈ្មោះ “Thada James” បានចូល comment ថា «សម្ដេច ចុះបើខ្ញុំចាក់វ៉ាក់សាំងជប៉ុនលើកទី២រួចហើយ តើត្រូវចាក់លើកទី៣ទៀតទេ?»។
ឆ្លើ់យតបទៅនឹង comment ខាងលើ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «វ៉ាក់សាំងអ្វីក៍ត្រូវចាក់ទៀតដែរ ប្រសិនជាចង់ឱ្យមាន កងការពារគ្រប់គ្រាន់ សម្រាប់ខ្លួនយើង។ ករណីយខ្លួនខ្ញុំដូសទី១និងទី២ចាក់ AstraZeneca ផលិតនៅឥណ្ឌា ចំណែកដូសទី៣ចាក់ AstraZeneca ផលិតនៅជប៉ុន»។
សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១១,៤៧០,៦៥៣នាក់៕