អាជ្ញាធរខេត្តសៀមរាប ចុះអនុវត្តលើបុគ្គល ដែលមិនអនុវត្តតាមច្បាប់ ក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩

0
10

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីសម្រេចលេខ១៥៤/២១សសរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាបរួចមក រដ្ឋបាលខេត្តបានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនអនុវត្តតាមខ្លឹមសារ នៃសេចក្តីសម្រេច និងច្បាប់ស្តីពីវិធានការទប់ ស្កាត់ការ ឆ្លងរាល ដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន។

សូមបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាល ធ្លាប់បានអប់រំ ផ្សព្វផ្សាយជាបន្តបន្ទាប់តាមគ្រប់រូបភាព ប៉ុន្តែបងប្អូននៅតែមិនចូលរួម អនុវត្តឱ្យបានហ្មត់ចត់ ឬមិនយកចិត្តទុកដាក់ ស្តាប់ការណែនាំ របស់សមត្ថកិច្ចនោះឡើយ។

ដូចនេះ ដើម្បីជាផលប្រយោជន៍ នៃសុខភាពសាធារណៈ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ សមត្ថកិច្ចនឹងចុះល្បាត គ្រប់ច្រកល្ហក ក្នុងភូមិសាស្ត្រក្នុងក្រុងសៀមរាប។

ចំពោះបុគ្គលទាំងឡាយណា មិនអនុវត្តតាមវិធានការរដ្ឋបាល នឹងត្រូវផ្តន្ទាទោសតាមខ្លឹមសារមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត។

រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួម ក្នុងអនុវត្តសេចក្តីសម្រេចខាងលើ ឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសការចូលរួមកាត់ផ្តាច់ជំងឺកូវី-១៩ ចេញពីសហគមន៍យើង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here