ភ្នំពេញ៖ រដ្ឋបាលក្រុងបាត់ដំបង បានបិទខ្ទប់ភ្លាមៗ នៅទីតាំងក្រុមហ៊ុនស្មាត ក្បែរផ្សារណាត់ កណ្តាល ក្រុងបាត់ដំបងមួយកន្លែង នាល្ងាចថ្ងៃទី១៤ខែកញ្ញាភ្លាមៗ ក្រោយពីរកឃើញវិ ជ្ជមាន កូវីដ១៩ លើបុគ្គលិកបំរើការនៅទីនេះចំនួន ៤នាក់ ។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង មានប្រសាសន៍ថាក្នុង ចំណោមបុគ្គលិក១២ នាក់ដែលបំរើ ការងារនៅក្រុមហ៊ុនទូរស័ព្ទស្មាតខាងលើនេះ មាន៤នាក់ បានរកឃើញវិជ្ជមានកូវីដ១៩ ចំណែក៨នាក់ ផ្សេងទៀត កំពុងដាក់អោយធ្វើចត្តាឡីស័ក ។
បច្ចុប្បន្ននេះបុគ្គលិកស្មាតទាំង ៤នាក់ ដែលរកឃើញមានវិជ្ជមានកូវីដ១៩ ត្រូវបានបញ្ជូនអោយ ទៅពិនិត្យព្យាបាលនៅទីតាំង វិទ្យាល័យព្រះមន្នីវង្ស ។
លោកអភិបាលក្រុង បានបញ្ជាក់ថា ពេលនេះអាជ្ញាធរក្រុងកំពុង អំពាវនាវអោយពលរដ្ឋដែល បានចេញចូលក្នុងក្រុមហ៊ុនស្មាតខាងលើនេះ សូមអញ្ជើញមកយកសំណាក ដើម្បីពិនិត្យរកមេរោគកូវីដ១៩ ជាបន្ទាន់ ដើម្បីកុំអោយមានការឆ្លងរាលដាល ចូលសហគមន៍បន្ថែមទៀត ៕