ភ្នំពេញ៖ អាជ្ញាធរបានសម្រេចបិទខ្ទប់ភូមិភ្នំ១០០ ដែលនៅដាច់ស្រយាលពីគេជិត ២០គីឡូ ក្នុងភូមិសាស្រ្ត ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ កញ្ញា បន្ទាប់ពីរកឃើញប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ប្រមាណ ៨៨នាក់ ក្នុងនោះស្រ្តី ៥២នាក់ ។
លោកស្រី រី ហេង មេឃុំត្រាង បានបញ្ជាក់ថា មូលហេតុដែលមានការ ឆ្លងរាលដាលពេញភូមិនេះ ដោយសារកាលពីថ្ងៃទី ១០ កញ្ញា មានអ្នកភូមិម្នាក់ បានទៅសួរសុខទុកបងប្អូន ដែលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងស្រុកសំពៅលូន ដោយនៅពេលនោះ ក្រុមគ្រូពេទ្យក៏បានយកសំណាក បុគ្គលរូបនោះទៅពិនិត្យ ក៏ស្រាប់តែលទ្ធផលបញ្ជាក់ថាវិជ្ជមាន ទើបមានការភ្ញាក់ផ្អើលក្នុងភូមិភ្នំ ១០០ ទាំងមូលតែម្តង។
ក្រោយពីឃើញមានអ្នកភូមិឆ្លង ដូច្នេះអាជ្ញាធរចាប់ផ្តើម សំណាកជាបន្តបន្ទាប់ ដោយនៅថ្ងៃទី១១ គឺរកឃើញវិជ្ជមានចំនួន ១៧ នាក់, ថ្ងៃ១២ រកឃើញបន្តចំនួន ២២ នាក់ ថ្ងៃ១៣ រកឃើញ ២៦ នាក់ និងថ្ងៃទី១៤ កញ្ញា រកឃើញចំនួន ២២ នាក់បន្ថែមទៀត ដែល សរុបទាំងអស់មានចំនួន ៨៨ នាក់ ក្នុងចំណោមពលរដ្ឋទៅយក សំណាក៤០០នាក់។
លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានមានប្រសាសន៍ថា អាជ្ញាធរនិងមន្រ្តីសុខាភិបាលកំពុង បន្តយកសំណាកលើ ប្រជាពលរដ្ឋបន្ថែមទៀត នឹង បិទការចេញចូលភូមិនេះទាំងមូល ។
លោកអភិបាលស្រុកអោយដឹងថា ប្រជាពលរដ្ឋដែលរស់នៅភូមិភ្នំ១០០នេះ មានចំនួន១៤៦ ខ្នងផ្ទះ ដែលមានមនុស្សរាយ ៦៩៨នាក់ ភូមិជាប់ព្រំដែនប្រទេសថៃមួយនេះ ស្ថិតនៅដាច់ស្រយាលពីគេ ចម្ងាយជិត២០គីឡូម៉ែត្រ ៕






