នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាថ្មីសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

0
7

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Thang Jacky Ly អនុព័ន្ធយោធាថ្មីរបស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក Thang Jacky Ly បានជម្រាបជូននាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ពីគោលបំណងនៃការមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយទី១ ធ្វើការសិក្សាស្វែងយល់ពីវប្បធម៌ និងទំនៀមទម្លាប់របស់ប្រទេសកម្ពុជា ទី២ ធ្វើការយ៉ាងជិតស្និតជាមួយថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមានតាំងពីឆ្នាំ១៩៥០ ហើយមកដល់បច្ចុប្បន្ននេះ កម្ពុជានៅតែមានជំហររក្សាកិច្ចសហប្រតិបត្តិការល្អជាមួយសហរដ្ឋអាមេរិក។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលថ្មីៗនេះបានជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការផ្ដល់វ៉ាក់សាំងចំនួន ១លាន ៦ម៉ឺនដូស រួមទាំងសម្ភារៈបរិក្ខាពេទ្យមួយចំនួនទៀត។ ក្រៅពីនោះ សហរដ្ឋអាមេរិកនៅបានផ្ដល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដូចជា ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលធនធានមនុស្សជាដើម។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នាពេលកន្លងមក ក្នុងការស្រាវជ្រាវរុករកអដ្ឋិធាតុកងទ័ពអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការបង្ក្រាបអំពើភេរវកម្ម ការជួញដូរមនុស្ស ក៏ដូចជាការហ្វឹកហ្វឺនឆ្មាំអង្គរ និងការកសាងកម្លាំងរបស់កងយោធពលខេមរភូមិន្ទ ដែលត្រូវទៅបំពេញបេសកកម្មនៅអង្គការសហប្រជាជាតិ និងលំហរសមុទ្រផងដែរ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានជំនឿថា ទៅថ្ងៃអនាគត សហរដ្ឋអាមេរិកនៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព ការគោរពគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយកម្ពុជានៅតែចាត់ទុកសហរដ្ឋអាមេរិកជាមិត្តល្អរបស់កម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here