ភ្នំពេញ៖ ក្រោយពីទទួលបានព័ត៌មានពី ប្រជាពលរដ្ឋ ករណីចោរលួចគោ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំង ជំនាញ របស់ផែនការងារនគរបាលព្រហ្មទណ្ឌ និងកំលាំងជំនាញរបស់អធិការដ្ឋាននគរបាល ស្រុកជើងព្រៃ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់មុខសញ្ញា និងបានធ្វើការបង្រាបឃាត់ខ្លួនបានជនសង្ស័យ២នាក់។
ជនសង្ស័យមានឈ្មោះ ១-ឈ្មោះ ហ៊ឹម លីម ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ២-ឈ្មោះ ឌី សូវុន ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិបារាយណ៍ធំ ឃុំបារាយណ៍ធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
វត្ថុតាងដកហូតរួមមាន៖ សត្វគោឈ្មោល ចំនួន២ក្បាល សម្បុរស (ជាសត្វគោដែលបានលួចពីជនរង គ្រោះនៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម), អាវុធវែងចំនួន១ដើម ម៉ាកAK ស្វាយបត់ បង់ចំនួន១ និងគ្រាប់ចំនួន១៥គ្រាប់។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយឡែកបក្សពួកចំនួន ៣នាក់ទៀត សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន។
គួររំលឹកថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅចន្លោះវេលាម៉ោង១៦និង០០នាទី ទៅវេលាម៉ោង៤ និង០០នាទី ទាបភ្លឺ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានករណីចោរកម្ម (លួចគោ) ភ្លាមៗនោះកម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការឈានទៅដល់ ការចាប់ឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមនឹងវត្ថុតាងមួយចំនួនតែម្ដង៕