ភ្នំពេញ៖ ផ្អើលសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍ ដោយរថយន្តព្រុស២គ្រឿង មានពាក់ស្លាកលេខដូចគ្នា ត្រូវបានម្ចាស់រថយន្តម្ខាងជួបចៃដន្យតាមផ្លូវ ឃាត់សួរនាំនិងប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅបុរីឈូកវ៉ា២ ភូមិកិត្តប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តទាំង២គ្រឿង ម៉ាកព្រុស ពណ៌ស ស៊េរីឆ្នាំ២០១១ ដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ 2BK-4454។
ក្រោយពីឃាត់បាន ជួបដាក់ទន្ទឹមគ្នា មានមួយគ្រឿង ស្កេនកូដចេញ ត្រឹមត្រូវ មានម្ចាស់ជាមន្ត្រីនគរបាល មានទីលំនៅ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែករថយន្ត មួយគ្រឿងទៀត ថ្វីត្បិតពាក់ស្លាកលេខដូចគ្នាមែន តែស្កេនកូដមិនចេញ មានម្ចាស់អ្នកបើកបរ ដោយបុរសម្នាក់ជាជាងម៉ាស៊ីនត្រជាក់ នៅបុរីឈូកវ៉ា២ ភូមិកិត្តប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ម្ចាស់រថយន្តព្រុសមួយគ្រឿងជាមន្ត្រីនគរបាល បានប្រទះឃើញរថយន្តព្រុស ពាក់ស្លាកលេខ ដូចគ្នាជាមួយនឹងរថយន្តគាត់ កំពុងបើកបរ ក្នុងភូមិសាស្ត្រខណ្ឌចំការមន ទើបបើករថយន្តដេញតាមពីក្រោយរហូត ដល់ក្នុងបុរីឈូក វ៉ា២ ឈប់ចត ដាក់ទន្ទឹមគ្នា ដូចគ្នានោះដូច ប្តឹងសមត្ថកិច្ចចុះទៅឃាត់ហៅ នាំយកទៅសាកសួរនៅប៉ុស្តិ៍សំរោងក្រោម ។
រថយន្តទាំង២គ្រឿង និងម្ចាស់សងខាង ត្រូវបានសមត្ថកិច្ច កំពុងសាកសួរ និងទំនាក់ទំនងទៅជំនាញបច្ចេកទេស ដើម្បីពិនិត្យឯកសាររៀងខ្លួន តើម្ចាស់រថយន្ត មានស្លាកលេខពិតប្រាកដមួយណា៕