ចាប់បានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជាង កន្លះតោន ពីផ្សារក្នុងខេត្តចំនួន ៥​ យកទៅកម្ទេចចោល

0
7

ភ្នំពេញ៖ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ប្រើប្រាស់ប្រមាណ ៥៥៤គីឡូក្រាម ត្រូវបានដកហូតពីទីផ្សារក្នុងខេត្តចំនួន ៥បន្ថែមទៀត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខិតជិតចូលមកដល់ មន្ត្រី ក.ប.ប. បានចុះត្រួតពិនិត្យទំនិញនៅតាមបណ្ដាទីផ្សារនៅទូទាំងប្រទេស ក្នុងគោលបំណងការពារផលប្រយោជន៍ សុខភាព និងសុវត្ថិភាព របស់អ្នកប្រើប្រាស់។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២១នេះ មន្ត្រី ក.ប.ប. បានចុះត្រួតពិនិត្យទំនិញ នៅក្នុងផ្សារមួយចំនួនស្ថិតក្នុងខេត្តចំនួន ៥ ផ្សេងទៀតគឺ ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ ដោយបានរកឃើញទំនិញចំនួន ៥៥៤.៣៤គីឡូក្រាម ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់។

ទំនិញខាងលើគឺត្រូវបានមន្ត្រីជំនាញ ធ្វើការដកយកមករក្សាទុក និងទំនិញមួយចំនួនត្រូវបានម្ចាស់ ទំនិញស្ម័គ្រចិត្តប្រគល់ជូនមន្ត្រីជំនាញ ដើម្បីធ្វើការកម្ទេចចោល។ ក្នុងចំណោមទំនិញដែលត្រូវបានដកហូត ភាគច្រើនគឺគ្រឿងឧបភោគបរិភោគ ដែលមានហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់ ក្នុងនោះក៏មានអាល់កុលក្លែងក្លាយ​ (មេតាណុល)​ ចំនួន ១០៩លីត្រផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here