ភ្នំពេញ៖ ជនសង្ស័យម្នាក់មានឈ្មោះពិត មាស ចាន់ប៊ុណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ មានជំនាញបង្កើតគណនី ហ្វេសប៊ុកក្លែងក្លាយ account fake ជាច្រើន ដើម្បីធ្វើសកម្មភាពបោកប្រាស់នារីៗ និងស្រ្ដីមួយចំនួនឱ្យលង់ជឿជាក់ ព្រមធ្វើតាមលក្ខខណ្ឌមួយចំនួន ចុងក្រោយក្លាយជាចំណាប់ខ្មាំង របស់ជនសង្ស័យនេះ។
ករណីនេះដោយបានកិច្ចសហការ ពីជនរងគ្រោះជាច្រើន និងបានការដឹកនាំចង្អុល ការណ៍ណែនាំដ៏ខ្ពង់ខ្ពាស់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពី អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ សមត្ថកិច្ចផែនការងារសន្តិសុខ ខេត្តកំពង់ស្ពឺ បានបន្ដស្រាវជ្រាវនិងសហការជាមួយ នគរបាលខេត្ដបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនមុខសញ្ញា សង្ស័យបាននៅគោលដៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ រួចបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការតាមនីតិវិធី។
នៅចំពោះមុខ ជនសង្ស័យបានឆ្លើយទទួលស្គាលថា សកម្មភាពបោកប្រាស់នារី និងស្រ្ដីមួយចំនួនតាមរយៈ ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម facebook account fake គឺពិតជាបានធ្វើសកម្មភាពដោយផ្ទាល់ និងចេះជំនាញយ៉ាងពិតប្រាកដ បច្ចុប្បន្នខ្លួនបានបង្កើត account face ចំនួន ១៥ ដើម្បីធ្វើសកម្មភាពបោកប្រាស់នារី និងស្រ្ដីមួយចំនួន អោយលង់ជឿជាក់ថា ខ្លួនជាប្រុសស្អាត និងជាអ្នកមានចិត្ដស្មោះ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន ចៅក្រមសម្រេចចេញដីកា បង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តកំពង់ស្ពឺ រង់ចាំការជំនុំជម្រះ ទោសនៅពេលបន្ទាប់។
សំណូមពរ៖ ស្នើសុំបងប្អូនពលរដ្ឋខ្មែរ ពិសេសនារីក្មេងៗ និងស្រ្ដីមួយចំនួន គួរតែពិចារណាឱ្យបានច្បាស់ នៅពេលដែលខ្លួនបានបង្កើតទំនាក់ទនង ជា friends ជាមួយនរណាម្នាក់តាម បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ណាមួយ? ពិសេសកុំចាញ់បោកលើ profile រូប ប្រុសស្អាត-ស្រីស្អាត ៕
