កំណត់ត្រាដំបូងបង្អស់ នៃហ្វូងកូនក្រពើភ្នំដ៏កម្របំផុត នៅតំបន់ទីជម្រកស្រែពក ផ្តល់ក្តីសង្ឃឹមដល់ ការអភិរក្សជាសាកល

0
8

ភ្នំពេញ៖ ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា៖​ អមជាមួយនឹងក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវ សត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការ WWF បានផ្តល់របាយការណ៍កាលពីថ្ងៃទី៩ ខែកញ្ញា​ ឆ្នាំ២០២១នេះ ដោយបញ្ជាក់ថា ពួកគេបានប្រទះឃើញ ហ្វូងកូនសត្វក្រពើភ្នំ(Crocodylus siamensis) ដែលជាប្រភេទសត្វកំពុងរងគ្រោះ ថ្នាក់ជិតផុតពូជបំផុត សរុប​ចំនួន ៨ក្បាល ខណៈពេលដែលពួកគេ បានចុះតាមដាន​ និងស្រាវជ្រាវសត្វនេះ នៅក្នុងដែនជម្រកធម្មជាតិ នៃតំបន់ស្រែពកក្នុងអំឡុងពេល នៃរដូវពងនិងញាស់កូនរបស់វា​។​​

យោងតាមហ្វេសប៊ុក ក្រសូងបរិស្ថាន នៅថ្ងៃទី២១ កញ្ញានេះ បានឲ្យដឹងបន្តថា សកម្មភាពតាមដាន សិក្សា​នេះ ជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវ អំពីសត្វក្រពើភ្នំនៃគម្រោង​កាំ​ប៉ាស (CAMPAS) ដឹកនាំដោយក្រសួងបរិស្ថាន និងគាំទ្រផ្នែកហិរញ្ញវត្ថុដោយ GEF-5/UNEP ហើយមានការរួមថវិការបន្ថែមពី អង្គការWWF ប៊ែលហ្ស៊ិក។ ស្ថិតក្រោមលក្ខខណ្ឌ អាកាសធាតុដ៏លំបាក​ ហើយផ្គួបជាមួយនឹងភាពអត់ធ្មត់ខ្ពស់ គំហើញនៃសត្វដ៏កម្រមួយ ប្រភេទនេះត្រូវបានកត់ត្រាទុក នៅទីតាំងស្រាវជ្រាវមួយ ដែលអ្នកវិទ្យាសាស្រ្តធ្លាប់ បានប្រមូលលាមក និងដានជើងរបស់វាកាលពី អំឡុងរដូវប្រាំងនៃឆ្នាំដដែលនេះ។ ហ្វូងកូនសត្វក្រពើភ្នំទាំងនេះ បច្ចុប្បន្នកំពុងរស់នៅដោយសុវត្ថិភាព នៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា ក្រោមការការពារយ៉ាងតឹងរ៉ឹង ដោយមន្រ្តីឧទ្យានុរក្សនៃ ដែនជម្រកសត្វព្រៃស្រែពក នៃខេត្តមណ្ឌលគិរី។

លោក​ ប៊ុន​ សុធា សមាជិកម្នាក់នៃក្រុមអ្នកស្រាវជ្រាវ បានរៀបរាប់ថា «ក្នុងរដូវកូនក្រពើញាស់នេះ ក្រុមអ្នកស្រាវជ្រាវយើងបាន ធ្វើការតាមដានជាប្រចាំ ហើយសម្រាប់ការចុះ តាមដានមួយជើងនេះ ពួកយើងបានចំណាយអស់រយៈពេល ៤យប់ ដើម្បីអង្កេតមើលស្ថានភាព របស់សត្វក្រពើភ្នំ​នៅតាមទីតាំងផ្សេងៗរបស់វា គឺចាប់តាំងពីម៉ោង ៧:០០យប់ រហូតដល់រំលងអធ្រាត្រ ប្រហែលទល់ ម៉ោង២:០០ព្រឹក»។

លោកបានបន្តទាំង មានស្នាមញញឹមផងថា «ភាពរំភើបត្រេកអរ ជាខ្លាំងក៏បានមកដល់ ក្រោយពេលដែលសមាជិក ក្រុមការងារយើងម្នាក់បាន ប្រទះឃើញចំណាំងពន្លឺភ្នែក របស់កូនសត្វក្រពើដែលទើបនឹងញាស់»។ គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនាពេលនេះ គឺជាភស្តុតាងបញ្ជាក់ ដោយរូបភាពដំបូងបង្អស់នៃ ការរស់រានបន្តពូជរបស់សត្វនេះ ក្រោយការខិតខំស្រាវជ្រាវ អស់រយៈពេលជាង មួយទសវត្សរ៍ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ការពារធម្មជាតិមួយ នៃតំបន់ព្រៃទេសភាពភាគខាងកើត ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការ WWF ។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា “នេះគឺជាដំណឹងដ៏ល្អមួយដែល យើងត្រូវសាទរ និងជាផ្លែផ្កាមួយនៃ កិច្ចសហប្រតិបត្តិអភិរក្ស រវាងក្រសួងបរិស្ថាននៃ រាជរដ្ឋាភិបាលកម្ពុជា អង្គការWWF និងអង្គការដៃគូ ជាពិសេសសមាជិកទាំងអស់ នៃក្រុមការងារស្រាវជ្រាវវិទ្យាសា្រស្រ្ត នៃក្រសួងបរិស្ថាន និងអង្គការ WWF ដែលបានខិតខំប្រឹងប្រែងសិក្សា និងស្រាវជ្រាវរហូតទទួលបាន នូវលទ្ធផលដោយបានកត់ត្រា បញ្ជាក់ជាផ្លូវការលើកដំបូងបង្អស់ នៃហ្វូងកំពុងបន្តពូជនៃ សត្វក្រពើភ្នំដ៏កម្របំផុតនេះ នៅតំបន់ស្រែពក»។

លោករដ្ឋមន្ត្រីបានបន្តទៀតថា «គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនេះ បានបង្ហាញឲ្យឃើញពីសារៈសំខាន់ នៃដែនជម្រកសត្វព្រៃស្រែពក ជាតំបន់ជីវៈចម្រុះសកលមួយ ដែលមានសក្តានុពលខ្ពស់ សម្រាប់ការស្តារធនធានជីវៈចម្រុះ និងចំនួនសត្វព្រៃសំខាន់ៗ មានតម្លៃជាសកលឡើងវិញ»។

លោករដ្ឋមន្ត្រីក៏បានមាន ប្រសាសន៍បន្ថែមទៀតថា «ដំណឹងដ៏រំភើបនេះក៏បានឆ្លុះបញ្ចាំងផងដែរ ពីសារៈសំខាន់នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការអភិរក្ស សត្វក្រពើភ្នំដ៏កម្រ និងសត្វព្រៃសំខាន់ៗ ដទៃជាច្រើនប្រភេទទៀត។ ប្រទេសកម្ពុជាគឺជាប្រទេស ដែលមានធនធានធម្មជាតិ ដ៏វិសេសវិសាលគ្មានពីរ ដែលនេះគឺជាមោទនភាពជាតិ សម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ដោយសារកម្ពុជា មានសន្តិភាពពេញលេញ យើងទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនៃគ្រប់វិស័យ មានលទ្ធភាពក្នុងការ ផ្តោតការយកចិត្តទុកដាក់ និងរិះរកគ្រប់មធ្យោបាយ និងដំណោះស្រាយនានា ក្នុងកិច្ចគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ សំដៅឈានឆ្ពោះ ទៅស្តារធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីដែលកម្ពុជាមាន ឲ្យសំបូរ និងប្រសើរឡើងវិញ»។

ផ្អែកតាមកញ្ញា Milou Groenenberg ជាប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃអង្គការ WWF របកគំហើញនាពេលនេះ ត្រូវបានអ្នកវិទ្យាសាស្រ្តចាត់ទុកថា ជាការវិវត្តន៍ដ៏វិជ្ជមានមួយ នៃការសិក្សាស្តីពីសត្វក្រពើភ្នំ នៅក្នុងតំបន់នៃដែន ជម្រកសត្វព្រៃស្រែពក ដោយហេតុថាវត្តមាន របស់សត្វនេះមិនត្រូវបាន គេបញ្ជាក់ជាផ្លូវការទេ បើផ្អែកតាមរបាយការណ៍ ស្រាវជ្រាវនានាដែលគេធ្លាប់ ទទួលបានកាលពីរយៈពេល ជាច្រើនឆ្នាំកន្លងមក ហើយរីឯការកត់ត្រាវត្តមាន របស់វាតាមរយៈរូបភាពក៏គ្មានដែរ ក្នុងទសវត្សរ៍ចុងក្រោយនេះ ។

កញ្ញា Milou បាននិយាយថា «កាលពីមុនអ្នកវិទ្យាសាស្រ្ត នៅមិនទាន់អាចបញ្ជាក់ច្បាស់ បានទេថាសត្វក្រពើភ្នំដែលរស់ នៅក្នុងទីជម្រកស្រែពកនេះ អាចមានគូបង្កាត់ពូជបាន ហើយក៏គេកាន់តែមិន អាចបញ្ជាក់បានទៀតថា តើសត្វនេះបានធ្វើសំបុក នៅទីណាមួយក្នុងតំបន់នេះ ហើយមានញាស់កូនដែរឬអត់ នោះឡើយ»។

អ្នកវិទ្យាសាស្រ្តរូបនេះបានបន្ថែមថា «គំហើញនៃហ្វូងកូនសត្វក្រពើភ្នំ នៅតំបន់ស្រែពកពេលនេះ ពិតជាផ្តល់នូវក្តីសង្ឃឹម សម្រាប់ការអភិរក្ស និងការពារការរស់រាន របស់សត្វនេះនៅក្នុង ទីជម្រកធម្មជាតិរបស់វា ដែលវាមានសារៈសំខាន់ ណាស់សម្រាប់កម្ពុជា និងពិភពលោកទាំងមូល»។​ សត្វក្រពើភ្នំ ធ្លាប់មានរស់នៅពាសពេញ តំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០​មក វត្តមានរបស់សត្វប្រភេទ ជិតផុតពូជបំផុតមួយនេះ ត្រូវបាត់បង់គួរឲ្យបារម្ភពី ដែនជម្រកធម្មជាតិរបស់ពួកវា។ ប្រទេសកម្ពុជា​ គឺជាទីជម្រកសំខាន់ជាសកលមួយ សម្រាប់ការរស់រាននៃសត្វក្រពើភ្នំ ដែលត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសរុប ចន្លោះពី ២០០​ ទៅ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រក ធម្មជាតិនានាក្នុងប្រទេស។ នៅលើពិភពលោក ចំនួនសត្វក្រពើភ្នំដែលស្ថិត ក្នុងវ័យអាចបន្តពូជបាន មានប្រមាណមិនលើសពី ១.០០០ (១ពាន់)​ ក្បាលឡើយ។

កត្តាគំរាមកំហែងចំពោះការ រស់រានរបស់សត្វក្រពើភ្នំមានដូចជា៖ ការរេចរិលនិងការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ដែល បណ្តាលមកពីតម្រូវការនៃ ការជួញដូរសត្វព្រៃខុសច្បាប់ ការចាប់ដោយខុសច្បាប់ ដើម្បីផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមក្រពើ ការចាប់យកទៅបង្កាត់ពូជ ជាមួយពូជក្រពើផ្សេង ទំនប់វារីអគ្គិសនី និងការនេសាទដោយ ប្រើឧបករណ៍ខុសច្បាប់ជាដើម។
ការរស់រានរបស់កូនក្រពើភ្នំ ដែលទើបត្រូវបានគេ ស្រាវជ្រាវឃើញពេលនេះ ព្រមទាំងការការពារទីជម្រក របស់ពួកវាដោយសុវត្ថិភាពល្អ​ ត្រូវបានស្ថិតក្រោមការធានា និងឃ្លាំមើលយ៉ាងតឹងរ៉ឹង ដោយមន្ត្រីអនុវត្តច្បាប់ដែល ធ្វើការនៅក្នុងតំបន់ការពារ ក៏ដូចជាដោយមានការ ចូលរួមក្នុងការថែរក្សាតំបន់ ការពារធម្មជាតិពីសំណាក់ សហគមន៍មូលដ្ឋាន នៅជុំវិញតំបន់ការពារ ព្រមទាំងការអនុវត្តនូវ កម្មវិធីអភិវឌ្ឍជីវភាពរបស់ សហគមន៍ឲ្យបានប្រសើរឡើង ដែលទាំងនេះជាផ្នែកសំខាន់មួយ នៃភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ រយៈពេលវែងរបស់ក្រសួងបរិស្ថាន និងអង្គការWWF។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានមានប្រសាសន៍ថា «ខ្ញុំសូមអបអរសាទរចំពោះ ក្រុមការងារស្រាវជ្រាវ និងក្រុមការងារអនុវត្តច្បាប់ ចំពោះគំហើញដ៏អស្ចារ្យនេះ។ ប្រសិនបើគ្មានការប្តេជ្ញាចិត្ត និងការខិតខំដ៏មោះមុត និងដោយទៀងទាត់ នៅក្នុងតំបន់ការពារធម្មជាតិនោះទេ យើងទាំងអស់គ្នាក៏មិនទទួលបាន នូវលទ្ធផលដ៏ប្រសើរបែបនេះដែរ»។
យើងត្រូវពង្រឹងកិច្ចខិតខំ ប្រឹងប្រែងក្នុងការការពារ និងអភិរក្សបន្ថែមទៀត ដោយផ្តល់អាទិភាពលើការស្វែងរក នូវដំណោះស្រាយសមស្រប និងប្រកបដោយភាពច្នៃប្រឌិត សម្រាប់គាំទ្រដល់ការគ្រប់គ្រង តំបន់ការពារធម្មជាតិ និងការការពារធនធានសត្វព្រៃ ហើយស្របពេលជាមួយគ្នានោះដែរ បន្តអំពាវនាវឱ្យចាត់នូវវិធានការ និងវិធីសាស្ត្រឲ្យកាន់តែ ប្រសើរជាងមុនដើម្បីគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងធនធានធម្មជាតិ។

លោកបានបន្ថែមថា «គំហើញនាពេលនេះ បានបង្ហាញថា ការស្តារចំនួនសត្វព្រៃ នៅតំបន់ព្រៃទេសភាពភាគខាងកើត ឲ្យប្រសើរឡើងវិញគឺជា លទ្ធភាពដែលគេអាចធ្វើទៅបាន ដោយបង្កើនកិច្ចសហការរួមគ្នា ដើម្បីរៀបចំឡើងឲ្យមាននូវ លក្ខខណ្ឌចាំបាច់នានាដូចជា ការការពារទីជម្រក ការធានាការផ្គត់ផ្គង់ចំណីអាហារ និងទឹកតាមបែបធម្មជាតិ ដែលជាសុទ្ធសឹងជាកត្តាផ្តល់ អំណោយផលដល់ការរស់រាន របស់សត្វក្រពើភ្នំ និងប្រភេទសត្វដទៃ ជាច្រើនទៀតដែលកំពុងរស់នៅក្នុង ទីជម្រកធម្មជាតិនៃតំបន់ទេសភាព ខ្ពង់រាបភាគខាងកើតនៃកម្ពុជានេះ»។

ក្រសួងបរិស្ថាន និងអង្គការ WWF នឹងបន្តតាមដានស្ថានភាព សត្វក្រពើភ្នំនៅតំបន់ស្រែពក តទៅបន្ថែមទៀត និងពង្រឹងវិធានការការពារ ទីជម្រករបស់សត្វនេះពីការ គំរាមកំហែងផ្សេងៗ មានដូចជាការទន្រ្ទានដី ដែលធ្វើឲ្យប៉ះពាល់ដល់ទីជម្រក និងសកម្មភាពល្មើសច្បាប់ ផ្សេងៗទៀត ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួន​នូវ ការចុះល្បាតជាប្រចាំតាមគ្រប់មធ្យោបាយ ទាំងក្នុង និងក្រៅតំបន់ការពារធម្មជាតិ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវយ៉ាងទទូច ដល់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យចាត់វិធានការរួមគ្នា ជាបន្ទាន់បន្ថែមទៀត ចាំបាច់សម្រាប់ការការពារ សត្វក្រពើភ្នំដើម្បីឲ្យសត្វនេះ ជៀសផុតពីការផុតពូជ និងដាក់ចេញនូវវិធីសាស្ត្រនានា ដើម្បីធានាឲ្យសត្វនេះមានចំនួន កើនឡើងវិញសម្រាប់គាំទ្រការ រស់រានរបស់វាតទៅអនាគត។
ក្រសួងបរិស្ថានបានត្រៀមខ្លួន រួចជាស្រេចក្នុងការសហការ ជាមួយអង្គការអន្ដរជាតិមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាន​ និងបណ្តាដៃគូដទៃទៀត ដើម្បីការពារ និងថែរក្សាធនធានព្រៃឈើ និងមរតកធនធានសត្វព្រៃរបស់កម្ពុជា ដើម្បីផ្តល់ជាប្រយោជន៍សង្គម​ និងសេដ្ឋកិច្ចសម្រាប់រយៈពេល វែងដល់ប្រជាជនជំនាន់នេះ និងជំនាន់តទៅអនាគត»។

ក្រោមជំនួយ​ឧបត្ថម្ភថវិកា ពីទី​ភ្នាក់ងារជំនួយអាមេរិក (USAID) សហភាពអឺរ៉ុប (EU) រដ្ឋា​ភិបាល​អាល្លឺ​ម៉ង់ (BMZ) រដ្ឋា​ភិបាល​ប៊ែលហ្ស៊ិក​ (DGD) កម្មវិធីបរិស្ថានរបស់ អង្គការសហប្រជាជាតិ​ (UN Environement) GEF រដ្ឋា​ភិបាល​ស៊ុយ​អ៊ែត (Sida) IKEA Welthungerhilfe (WHH) Humanscale និងបណ្តាញ​អង្គការ WWF (WWF-​អាមេរិក WWF-​ប៊ែលហ្ស៊ិក WWF-​អាល្លឺម៉ង WWF-​ស៊ុយអ៊ែត និង WWF-​ស្វីស) ការគ្រប់គ្រងតំបន់ការ​ពារ​​ធម្មជាតិនៅក្នុង​ដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច ផ្ដោតទៅលើការស្រាវជ្រាវ និង​តាម​ដាន​ជីវៈចម្រុះ ការកសាងសមត្ថភាព​ សម្រាប់ការអនុវត្តច្បាប់​ ការប្រយុទ្ធប្រឆាំង​នឹង​​ការបរបាញ់ខុស​ច្បាប់​ ការជួញដូរសត្វព្រៃខុសច្បាប់ ការ​​កាប់​ឈើ​ខុស​ច្បាប់ ការទប់​ស្កាត់​ការ​ទន្ទ្រានដីព្រៃខុសច្បាប់ ខណៈ​យក​ចិត្ត​ទុក​ដាក់​លើ​ការអភិវឌ្ឍរបរចិញ្ចឹមជីវិត របស់សហគមន៍មូលដ្ឋាន និងការអនុវត្តកម្មវិធីផ្សេងៗទៀត ដើម្បីលើកទឹកចិត្ត និងកៀរគរការចូលរួមរបស់ ប្រជាជនមូលដ្ឋានក្នុងការ អភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍន៍​ជីវភាព ប្រកបដោយនិរន្តរភាព ៕

LEAVE A REPLY

Please enter your comment!
Please enter your name here