កម្ពុជា​​មិនអាចគេចផុត ពី​​ការប្រកួតប្រជែង​ ឥទ្ធិពល ​​​រវាង​មហាអំណា​ច​ ​នោះទេ

0
12

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការប្រកួតប្រជែង រវាងមហាអំណាច ដើម្បីការពារផលប្រយោជន៍ និងរក្សាឥទ្ធិពលទាំងនយោ​បាយ យោធានិងសេដ្ឋកិច្ចរបស់ខ្លួន បាននឹងកំពុងគំរាមកំហែង ដល់សុខសន្តិភាព និងស្ថិរភាព​ទាំងនៅក្នុងតំបន់ និងអន្តរជាតិ ហើយក្នុងនោះ កម្ពុជា​ក៏មិនអាចគេចផុតពីការទទួលរង ឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយ រវាង​មហាអំណាចអស់ទាំងនោះដែរ។​

ក្នុងសារលិខិត ​​ចូលរួម​ទិវាសន្តិភាពអន្តរជាតិ​ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា« បន្ថែម​លើវិបត្តិនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពសង្គមអន្តរជាតិ ​ការប្រកួតប្រជែងរវាងមហាអំណាច ដើម្បីការពារផលប្រយោជន៍ និងរក្សាឥទ្ធិពលទាំងនយោ​បាយ យោធានិងសេដ្ឋកិច្ចរបស់ខ្លួន បាន ​និងកំពុងគំរាមកំហែងដល់សុខសន្តិភាព និងស្ថិរភាព​ទាំងនៅក្នុងតំបន់ និងអន្តរជាតិ ហើយក្នុងនោះ កម្ពុជា​ក៏មិនអាចគេចផុតពីការទទួលរង ឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយ រវាង​មហាអំណាចអស់ទាំងនោះដែរ»។​

​សម្តេច​តេជោ បញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យជាច្រើន ជាពិសេសស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល។ រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅទូទាំងសកលលោក ប្រជាជនជាងពីររយលាននាក់បានឆ្លង និងជាងបួនលាននាក់បានស្លាប់ ដោយសារជំងឺកូវីដ-១៩។ ទន្ទឹមនិងនេះ ពិភពលោកក៏កំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចជាសកល តាមរយៈ​ការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ដោយសារការបង្អាក់លំហូរសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម។

សម្តេចលើកឡើងទៀតថា “បន្ថែមលើវិបត្តិនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពសង្គមអន្តរជាតិ ការវិវត្តដ៏ស្មុគស្មាញមិនអាចប្រមាណទុកជាមុននៃស្ថានការណ៍ពិភពលោក បង្កឡើងដោយការប្រកួតប្រជែងរវាងមហាអំណាច ដើម្បីការពារផលប្រយោជន៍ និងរក្សាឥទ្ធិពលទាំងនយោបាយ យោធា និងសេដ្ឋកិច្ចរបស់ខ្លួន បាននិងកំពុងគំរាមកំហែងដល់សុខសន្តិភាព និងស្ថិរភាពទាំងនៅក្នុងតំបន់ និងអន្តរជាតិ។ កម្ពុជាយើង មិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយរវាង មហាអំណាចអស់ទាំងនោះបានទេ​។ ប្រ​ទេ​សមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត នៅបន្តប្រើប្រាស់គ្រប់​ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តស្តង់ដារពីរអំពី ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស”។

ប្រមុខរាជរដ្ឋាភិបាល សម្តេច​តេជោ ​សែន លើកឡើងបន្តថា៖ “​រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនភ្លេចទេនូវវិនាសកម្ម និងការឈឺចាប់ ដែលបង្កឡើង ដោយសង្គ្រាមដែលប្រទេសមហាអំណា​ចខ្លះ និងសម្ព័ន្ធមិត្តអស់ទាំងនោះ បានដាក់បង្ខំមកលើយើង។ យើងក៏មិនបានឱ្យប្រទេសអស់​​ទាំងនោះសងបំណុលសីលធម៌ ដែលពួកគេជំពាក់ចំពោះប្រជាជនកម្ពុជា​ទេ តែយើងគ្រាន់តែប្រើប្រាស់សិទ្ធិអធិបេតយ្យរបស់ខ្លួន​ជាម្ចាស់ទឹកម្ចាស់ដី​ការពារការរស់រានមានជីវិតឡើងវិញរបស់​ប្រជាជនកម្ពុជា ការពាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិត​ប៉ុណ្ណោះ។ នៅក្នុងទិស​ដៅនេះ កម្ពុជាបានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងការគោរពគ្នា និងមានផលប្រយោជន៍ទៅវិញទៅមក ជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក”។​

សម្តេច​តេជោ ហ៊ុន សែន អះអាងជាថ្មីថា កម្ពុជានឹងបន្តរួមចំណែកក្នុងការការពារសន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក តាមរយៈការ​ចូលរួមកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនានានៅលើសកលលោក​។ កម្ពុជាមានឆន្ទៈដ៏មោះមុត និងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព ភាតរភាពជាអន្តរជាតិ និង​រួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និង​មនុស្សធម៌។

ជាមួយគ្នានោះ សម្តេចបញ្ជាក់ថា អង្គការសហប្រជាជាតិបានអនុម័តយកថ្ងៃទី២១ ខែកញ្ញា ជារៀងរាល់ឆ្នាំ សម្រាប់ពិភពលោក ប្រារព្ធទិវាសន្តិភាពអន្តរជាតិ ដើម្បីឧទ្ទិសដល់ការពង្រឹងឧត្តមគតិសន្តិភាព សម្រាប់ប្រជាជន និងបណ្តាប្រទេសទាំងអស់នៅទូទាំងសកលលោក។ សម្រាប់ឆ្នាំ២០២១នេះ នៅក្នុងបរិបទ ដែលពិភពលោក​កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាត​ត្បាត​កូវីដ-១៩ ទិវាសន្តិភាពអន្តរជាតិ ត្រូវបាន​រៀបចំក្រោមមូលបទ “ការស្តារពិភពលោកឱ្យមានភាពប្រសើរឡើងវិញប្រកបដោយសមធម៌ និង​និរន្តរភាព” ដោយផ្តល់គុណតម្លៃជាចម្បងដល់សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការខឹតខំប្រឹងប្រែង រួមគ្នាស្ដារពិភពលោកឱ្យរួចផុតពីគ្រោះមហន្តរាយបង្កឡើងដោយជំងឺរាតត្បាតនេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ​បទពិសោធន៍ និងមេរៀនដ៏ជូរចត់​ដែលកម្ពុជាធ្លាប់ទទួលបាននៅក្នងតំណាក់កាលឆ្លងកាត់អស់រយៈជាងពីរទសវត្សរ៍នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ បានធ្វើឱ្យយើងទាំងអស់គ្នា យល់ច្បាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ។ សម្តេចបន្តថា អស់រយៈពេលជិត២៣ឆ្នាំហើយ ​ការបញ្ចប់សង្គ្រាមនៅលើទឹកដីមាតុភូមិកម្ពុជា​ដោយ “នយោបាយឈ្នះ-ឈ្នះ” ​បាននាំមកនូវសុខសន្តិភាពពេញលេញ និងការឯកភាពជាតិទាំងស្រុងពិតប្រាកដជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ រយៈពេលដ៏វិសេសវិសាលថ្លៃថ្លានេះ បានផ្ដល់ឱកាសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខិតខំ​ប្រឹងប្រែងស្តារ និងកសាងប្រទេសជាតិឡើងវិញ ព្រមទាំងបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ាអភិវឌ្ឍន៍ និងទទួលបានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ សមស្របតាមពាក្យស្លោក “មានសន្តិភាព មានការអភិវឌ្ឍ​”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here