ខឹងគេវាយប្អូនស្រី បងប្រុសទប់កំហឹងមិនបាន យកពូថៅវាយលើជនរងគ្រោះរបួសធ្ងន់

0
9

ខេត្តបាត់ដំបង៖ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើង ដោយជនសង្ស័យម្នាក់ ប្រដាប់ដោយពូថៅបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ។ករណីនេះកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩ និង០០នាទីព្រឹក ស្ថិតនៅចំណុចក្រុមទី០៨ ភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

នៅពេលកើតហេតុភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយសហការជាមួយកម្លាំងផ្នែកជំនាញនគរបាលស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនៅកន្លែងកើតហេតុរួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីស្រាវជ្រាវ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ នៅ វ៉ិត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។ ចំណែកឯជនរងគ្រោះ ឈ្មោះ អ៊ុត ចន្នី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិអង្គ ខ្ជាយខាងត្បូង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត (ត្រូវចំក្បាលលើត្រចៀកខាងស្តាំ ១កន្លែង)។

ករណីខាងលើនេះគឺបណ្តាលមកពីជនសង្ស័យខឹងនឹងជនរងគ្រោះដែលធ្លាប់បានវាយធ្វើបាបប្អូនស្រីរបស់ខ្លួនឈ្មោះ នៅ ស្រីមុំ អាយុ២៦ឆ្នាំ នាពេលកន្លងមក។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿង បញ្ជូនសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here