អ្នកព្យាបាលជំងឺកូវីដ១៩ជាសះស្បើយមិនទាន់ដល់ចំនួន ៣ ទៅ ៦ខែ ទៅចាក់វ៉ាក់សាំង គឺអាចធ្វើឱ្យសុខភាពអន់ខ្សោយ

0
10

បាត់ដំបង៖ ប្រធានមន្ទីរសុខាបាលខេត្ដបាត់ដំបងបានលើកឡើងថាគ្រប់អ្នកជំងឺដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩មិនទាន់ដល់កំណត់ចន្លោះពី៣ទៅ៦ខែ ទៅទទួលការចាក់វ៉ាក់សាំងនៅតាមមូលដ្ឋានដោយមិនបានប្រាប់ព័ត៌មានដល់ក្រុមការងារចាក់វ៉ាក់សាំងគឺធ្វើឱ្យសុខភាព អាចនឹងចុះអន់ខ្សោយ ដោយសារវ៉ាក់សាំងទៅជួយបំប៉នដល់មេរោគដែលមានក្នុងខ្លួនស្រាប់។

លោកឱសថបណ្ឌិត វឿន ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ដបាត់ដំបង បានថ្លែងនៅក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិចម្ការចេកបាត់ដំបង នាវេលាម៉ោង១១:០០ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ថាយុទ្ធនាការចុះចាក់វ៉ាក់សាំងតាមមូលដ្ឋានរបស់ក្រុមការងារនៅក្នុងខេត្ដបាត់ដំបងគឺមានពលរដ្ឋមួយចំនួនបានទទួលការចាក់វ៉ាក់សាំង ៣ដង ខ្លះទទួលបាន ២ដង និងមានមួយចំនួនគឺបានចាក់មួយដងសម្រាច់នោះគឺប្រភេទ ចនសាន់ អេនចនសាន់។ ហើយមកទល់នឹងថ្ងៃនេះគឺក្រុមការងារបានកំពុងចាក់វ៉ាក់ជូនទៅកាន់កុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់១២ឆ្នាំផងដែរ។

លោកប្រធានមន្ទីរ ក៏បានបកស្រាយពីចម្ងល់របស់ពលរដ្ឋដែលព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ដែលបានលើកឡើងថា ពួកគេពិបាកសម្រេចចិត្ដ ព្រោះថាបើមិនបានចាក់វ៉ាក់សាំង ប្រាកដជាគ្មានកាតបញ្ជាក់ ដែលបង្ករការលំបាកក្នុងធ្វើដំណើរទៅណាមកណា។
លោកប្រធានមន្ទីរបានថ្លែងដូចនេះថា៖«សូមពលរដ្ឋកុំមានការសង្ស័យព្រោះថាសម្រាប់អ្នកដែលព្យាបាលជាពីជំងឺកូវីដ១៩ គឺអាចប្រើប្រាស់ក្រដាសដែលបញ្ជាក់ពីក្រុមគ្រូពេទ្យបានឱ្យនៅពេលពលរដ្ឋចាកចេញពីមណ្ឌលព្យាបាល ព្រោះក្រដាសនេះអាចបញ្ជាក់ដល់អាជ្ញាធរថាអ្នកទើបនឹងព្យាបាលជាពីជំងឺកូវីដ១៩ ពុំចាំបាច់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៀតនោះទេលុះត្រាតែពលរដ្ឋបានជាសះស្បើយពីជំងឺនេះចន្លោះពី ៣ទៅ៦ខែទើបអាចចាក់វ៉ាក់សាំងបាន»។

លោកប្រធានមន្ទីរបានថ្លែងបញ្ជាក់ថា គ្រប់អ្នកជំងឺដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩មិនទាន់ដល់កំណត់ចន្លោះពី៣ទៅ៦ខែ ហើយទៅទទួលការចាក់វ៉ាក់សាំងនៅតាមមូលដ្ឋានដោយមិនបានប្រាប់ព័ត៌មានដល់ក្រុមការងារចាក់វ៉ាក់សាំងគឺអាចហៅបានថាលួចចាក់ ខណៈការចាក់វ៉ាក់សាំងនេះមិនបានទទួលប្រសិទ្ធភាពពីវ៉ាក់សាំងតែការចាក់ដោយបង្ខំបែបនេះគឺអាចធ្វើឱ្យខ្លួនប្រាណ និងសុខភាពអ្នកមួយចំនួនអាចនឹងចុះអន់ខ្សោយ ដោយសារវ៉ាក់សាំងទៅជួយបំប៉នដល់មេរោគដែលមានក្នុងខ្លួនស្រាប់ហើយអាចមានគ្រោះថ្នាក់ថែមទៀតផង។

លោកបានបន្តទៀតថា ៖«ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋដែលទើបនឹងព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ពុំបាច់ស្វែងរកការចាក់វ៉ាក់សាំងបន្ថែមទៀតឡើយដោយសារក្នុងខ្លួនអ្នកដែលបានឆ្លងជំងឺនេះម្ដងរួចមកហើយគឺមានអង់ទីគ័រ សម្រាប់ការពាររួចហើយ»។
លោកបានថ្លែងបន្តទៀតថា សម្រាប់ពលរដ្ឋដែលមានចម្ងល់ ពីបញ្ហាជំងឺកូវីដ១៩ សូមទៅសាកសួរព័ត៌មានពីក្រុមគ្រូពេទ្យដែលធ្វើការជំនាញខាងជំងឺកូវីដ១៩ ព្រោះបើសិនជាពលរដ្ឋសាកសួរព័ត៌មានពីពេទ្យខុសជំនាញនោះនឹងទទួលបានព័ត៌មានមិនច្បាស់លាស់ឡើយ។

ពលរដ្ឋម្នាក់ទៀតរស់នៅក្នុងស្រុកមោងឬស្សីសុំមិនបញ្ចេញឈ្មោះបានថ្លែងឲ្យដឹងផងដែរថា លោកទើបនឹងព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ បានជាង ៣០ថ្ងៃហើយលោកសម្រេចចិត្ដទៅចាក់វ៉ាក់គឺដើម្បីយក កាតបញ្ជាក់ ដើម្បីងាយស្រួលធ្វើដំណើរ។
លោកបន្ថែមថា ៖«ខ្ញុំមិនបានសួរព័ត៌មានពីពេទ្យជំនាញឡើយព្រោះខ្លាចថា បើពេទ្យដឹងថាខ្ញុំធ្លាប់ព្យាបាលជាហើយ គឺមិនបាច់ចាក់វ៉ាក់ការពារជំងឺកូវីដ១៩។ នេះដូចព័ត៌មានទទួលបានៗគ្នា បើគេមិនចាក់ឲ្យនោះប្រាកដជាមិនបានកាត ជាពុំខាន»។

គួឱ្យដឹងផងដែរថា ចាប់តាំងពីបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩មកនៅក្នុងខេត្ដបាត់ដំបងសរុបគិតត្រឹមពលរដ្ឋដែលទទួលវ៉ាក់លើកទី១ រួចរាល់គឺមាន៖ ពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅគឺបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៩០% កុមារដែលមានអាយុចន្លោះពី ១២ឆ្នាំ ដល់១៧ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងចំនួន ៦៣% (បើគិតរួមទាំងកុមារដែលកំពុងរៀន និងកុមារមិនបានរៀន បើគិតត្រឹមតែកុមារបានចូលរៀនគឺចាក់បានជាង៩០%ហើយ) និងកុមារដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់១១ឆ្នាំគឺបានទទួលការចាក់វ៉ាក់សាំងចំនួន១៧% ដូច្នេះចំនួនសរុបពលរដ្ឋ និងកុមារដែលគ្រប់អាយុទទួលបានការចាក់វ៉ាក់ទូទាំងខេត្ដបាត់ដំបងគឺបានចំនួន៧៣% នេះបើគិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here