បាត់ដំបង៖ យុវជនម្នាក់មានវិបត្តិផ្លូវចិត្តបាន ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទី នៅចំណុចក្រុមទី០២ ភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
សពជនរងគ្រោះឈ្មោះ សុទ្ធ វិសាល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
តាមការបំភ្លឺពីឈ្មោះ ស្វាយ សែត ត្រូវជាឪពុក រស់នៅភូមិឃុំជាមួយបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ខ្លួននិងក្រុមគ្រួសារបានចេញទៅរកស៊ីនៅផ្សារភូពុយ តាំងពីម៉ោង៤ទៀបភ្លឺ ដោយទុកឲ្យកូនប្រុសឈ្មោះ សុទ្ធ វិសាល នៅផ្ទះតែម្នាក់ឯងរហូតដល់ម៉ោង១១ថ្ងៃត្រង់ទើបខ្លួនបានមកផ្ទះវិញ រួចក៏ដើររកកូនក្នុងផ្ទះ ស្រាប់តែឃើញទ្វារបន្ទប់បិទជាប់គន្លឹះពីខាងក្នុង ខ្លួនក៏អើតមើលតាមប្រហោងទ្វារ ស្រាប់តែឃើញកូនរបស់ខ្លួនចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជាប់ជញ្ជាំងទៅនឹងប្រហោងឥដ្ឋខ្យល់ រួចខ្លួនក៏យកកូនសោចាក់បើកទ្វារហើយក៏រាយការណ៍ជូនសមត្ថកិច្ចតែម្ដង។
ឪពុកជនរងគ្រោះបានបញ្ជាក់ពីមូលហេតុ នៃការធ្វើអត្តឃាតនេះថា កូនប្រុសរបស់ខ្លួនមានវិបត្ដិផ្លូវចិត្តក្នុងគ្រួសារជាយូរមកហើយ ដោយតែងតែគិតខ្លីចង់ធ្វើអត្តឃាតជាច្រើនដងមកហើយ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕