សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតិឲ្យមន្ត្រីរាជការកម្មករនិយោជិតឈប់សម្រាក៣ថ្ងៃ និងអាចដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

0
10

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឲ្យដឹងថា ក្នុងឱកាសឈប់សម្រាក៣ថ្ងៃ មាននៅក្នុងអនុក្រឹត្យ ស្តីពីការឈប់សម្រាក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី៥, ៦ និង៧ ខែតុលា ឆ្នាំ២០២១ រាជរដ្ឋាភិបាលនៅតែបន្តអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ កម្មការិនី និងបុគ្គលិកក្រុមហ៊ុន បានឈប់សម្រាកដូចធម្មតា បើទោះបីរាជរដ្ឋាភិបាល សម្រេចផ្អាកការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌក្តី។

តាមរយៈសារសម្លេងពិសេសមួយ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១សម្តេចតេជោ ហ៊ុន សែនបានឲ្យដឹងថា ក្នុងឱកាសថ្ងៃឈប់សម្រាក៣ថ្ងៃខាងមុខនេះ អនុញ្ញាតឲ្យប្រជាពលរដ្ឋអាចដើរកម្សាន្ត ទៅតាមរមណីយដ្ឋាននានា ពិសេសនៅតាមរមណីដ្ឋានធម្មជាតិ ប៉ុន្តែត្រូវគោរពនូវវិធានសុខាភិបាល។

សម្តេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា “យើងមិនហាមឃាត់ការឈប់សម្រាក៣ថ្ងៃ របស់មន្ត្រីរាជការ ក៏ដូចជាកម្មករ កម្មការិនី បុគ្គលិកនៅតាមក្រុមហ៊ុន ដែលត្រូវទទួលបានការអនុញ្ញាត ឲ្យឈប់សម្រាកដោយមានប្រាក់បៀវត្សរ៍នោះទេ។ បងប្អូនអាចធ្វើដំណើរដើរលេងកម្សាន្ត ទៅតាមទីកន្លែងនានា ដោយមានវិធានការសុខាភិបាលទៅជាមួយ នោះក៏ជាវិធីមួយដើម្បីបើកឱកាស ឲ្យបងប្អូនបានសម្រាក នៅក្នុងរយៈកាលនៃបុណ្យភ្ជុំបិណ្ឌនេះ”។

ជាមួយគ្នានេះ ក្នុងឱកាសនៃថ្ងៃឈប់សម្រាកនៃបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ចាប់ពីថ្ងៃទី៥, ៦ និងទី៧ ខែតុលា ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានការរៀបចំដោយសហគមន៍ទេសចរណ៍ ដើម្បីឲ្យប្រជាពលរដ្ឋបានស្គាល់ នៅទីតាំងទេសចរណ៍ធម្មជាតិរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here