ភ្នំពេញ៖ ជនជាតិបរទេសម្នាក់ស្រវឹងស្រា បានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ ហើយដាក់ចូលក្នុងហោប៉ៅខោវិញផ្ទុះមួយគ្រាប់ទៀតចំកំភួនជើងខ្លួនឯងរបួសធ្ងន់ ។ករណីនេះបានកើតឡើង នៅវេលាម៉ោង២ និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចផ្សារសូរីយ៉ាម៉ល តាមបណ្តោយផ្លូវ១៥៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញជនជាតិបរទេសម្នាក់បាន ដើរចេញពីផ្សារសូរិយ៉ាម៉លក្នុងសភាព ស្រវឹងស្រា ហើយក៏បានដកកាំភ្លើងបាញ់ឡើងលើចំនួនមួយគ្រាប់ ហើយគាត់ដាក់កាំភ្លើងចូលក្នុងហោប៉ៅខោខាងក្រោយបណ្ដាលឲ្យផ្ទុះមួយគ្រាប់ទៀតចំកំភួនជើងខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់។
ភ្លាមនោះ សមត្ថកិច្ចទៅដល់ក៏បានដកយកកាំភ្លើង និងសួរនាំ ខណៈពេលនោះជនជាតិបរទេសបាននិយាយភាសាអង់គ្លេសប្រាប់ថាកាំភ្លើងនោះ គឺគាត់ រើសបាន ហើយគាត់ខឹងដោយសារតែមានគេយកកាបូបលុយរបស់គាត់ទើបផ្ទុះអាវុធឡើងតែម្តង។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយក៏បានទំនាក់ទំនងទៅរថយន្តពេទ្យដឹកគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រហើយចំពោះករណីខាងលើនេះសមត្ថកិច្ច និងស្រាវជ្រាវបន្តតាមនីតិវិធី៕