សំរាមស្អុយរលួយនៅជ្រុងផ្សារពោធិវង្ស និងតាមដងផ្លូវទៅកាន់ប្រសាទឯកភ្នំ កំពុងបង្ករផលប៉ះពាល់ដល់ពលរដ្ឋ

0
7

បាត់ដំបង៖ សំរាមមួយគំនរនៅជ្រុងផ្សារពោធិវង្ស និងសំរាមដែលពលរដ្ឋចោលនៅតាមផ្លូវសាធារណៈ (ផ្លូវភ្លោះពីក្រុងបាត់ដំបងទៅកាន់ ប្រាសាទបុរាណឯកភ្នំ) ស្អុយរលួយបង្ករផលប៉ះពាល់ដល់ពលរដ្ឋ ខណៈលោកអភិបាលក្រុងថា បញ្ហាសំរាមនេះដោះស្រាយ មិនចប់ដោយសារពលរដ្ឋគ្មានការសហការជាមួយអាជ្ញាធរ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានថ្លែងថា មន្ត្រីការិយាបរិស្ថានតែងតែជំរុញទៅកាន់ក្រុមការងារផ្សារពោធិវង្ស ឱ្យចាត់ចែងយ៉ាងណាជាមួយក្រុមហ៊ុនដែលជាដៃគូប្រមូលសំរាមកុំឱ្យមានការកកស្ទះស្អុយរលួយបែបនេះ។

លោកអភិបាលបានបញ្ជាក់ថា “ការគ្រប់គ្រងទូទៅមិនស្ថិតនៅលើអាជ្ញាធរក្រុងអ្នកចាត់ចែងនោះទេដោយសារ ផ្សារមួយនេះត្រូវបានដាក់ដេញថ្លៃ ឱ្យក្រុមហ៊ុនឯកជនហើយ។ ហើយចំពោះបញ្ហាពលរដ្ឋយកសំរាមចោលតាមផ្លូវក្នុងសង្កាត់ចំការសំរោងនោះលោកតែងតែដឹកនាំក្រុមការងារចុះណែនាំ ប្រមូលដុត និងដាក់ផ្លាកសញ្ញាផាកពិន័យហើយនៅតែគ្មានប្រសិទ្ធភាព ព្រោះពលរដ្ឋគ្មានការសហការជាមួយអាជ្ញាធរ”។

ពលរដ្ឋរស់នៅជិតកន្លែងគំនរសំរាមស្អុយរលួយក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានថ្លែងឱ្យដឹងថា “សំរាមនៅតាមផ្លូវម្ដុំផ្ទះគា ត់គឺមិនមែនអ្នកភូមិនៅទីនេះអ្នកបោះចោលទេ គឺយប់ឡើងតែងតែមានឡាន ម៉ូតូសណ្ដោងរម៉ក យកមកបោះចោលនៅពេលដែលពលរដ្ឋ នៅម្ដុំនេះចូលផ្ទះសម្រាកស្ងាត់»។

ពលរដ្ឋបន្តថា ពេលខ្លះពួកគាត់ទ្រាំនឹងក្លិនស្អុយមិនបានក៏ប្រមូលដុតចោលដែរតែដុតយ៉ាងណាក៏មិនឈ្នះអ្នកយកមកចោលដែរ។

ពលរដ្ឋម្នាក់ទៀតដែលរស់នៅក្នុងសង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបងជាប់នឹងផ្លូវភ្លោះឆ្ពោះទៅកាន់ប្រាសាទបុរាណឯកភ្នំ បានថ្លែងឱ្យដឹងផងដែរថា សំរាមដែលគរស្អុយពេញដងផ្លូវភ្លោះនេះគឺមានទាំងអ្នកក្រៅភូមិនិងអ្នកក្នុងភូមិផងដែរដែលបានយកមកបោះចោលដោយគ្មានការពិចារណាបន្តិចសោះថាវាប៉ះពាល់ប៉ុណ្ណាពីកាកសំនល់សំរាមស្អុយរលួយជះក្លិនប៉ះពាល់ដល់ទាំងពលរដ្ឋរស់នៅក្បែរនឹង ក៏ដូចជាអ្នកធ្វើដំណើរស្រូបយកខ្យល់បរិសុទ្ធ បែរជាជួបក្លិនស្អុយសំរាមអស់នេះទៅវិញ ហើយពេលភ្លៀងសំរាមមួយចំនួនក៏បានហូចូលទៅក្នុងស្រែរបស់កសិករនៅជាប់ផ្លូវនឹង មិនដឹងថាដំណាំស្រូវ រងផលប៉ះពាល់បំផ្លាញដោយសារតែសំរាមនឹងអត់ទេ។ ពលរដ្ឋដដែលបន្តថា៖ «ពេលខ្លះក៏ឃើញលោកអភិបាលក្រុងចុះដឹកនាំក្រុមការងារ រើសប្រមូលសំអាតសំរាមទាំងនោះស្អាតហើយថែមទាំងដាក់ផ្លាកផាកពិន័យ និងណែនាំពលរដ្ឋហើយហាក់គ្មានប្រសិទ្ធភាពសោះ»។

ពលរដ្ឋបន្ថែមថា៖«ពេលខ្លះកត្តាដែលពលរដ្ឋនៅតាមបណ្ដាភូមិមិនព្រមឱ្យថ្លៃសេវាប្រមូលសំរាមដោយសារបញ្ហាមិនមានភាពចុះសម្រុងជាមួយក្រុមហ៊ុន ប្រមូលសំរាមដោយសារតម្លៃ ឬក៏មានចិត្ដអ្វីមួយមិនដឹងព្រោះថាកន្លែងដែល បុគ្គលទាំងនោះយកសំរាមចោលផ្ដេសផ្ដាសគឺនៅមិនឆ្ងាយ ពីទីលានចាក់សំរាមនោះទេ»។

គួរបញ្ជាក់ផងដែរថា ពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបងមានប្រមាណ ១លាន ២សែននាក់ ចំនែកឯបរិមាណសំរាមក្នុងក្រុងបាត់ដំបងមានចំនួន ១០០ ទៅ ១៤០តោនក្នុងថ្ងៃ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here