ស្វាយរៀង៖ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនសង្ស័យ ជាកូនប្រុសម្នាក់ បន្ទាប់ពីបានប្រើហិង្សាកាប់ឪពុករបស់ខ្លួន បណ្ដាលឱ្យរងរបួស គ្រាន់តែឪពុកណែនាំ និងស្តីបន្ទោស បន្តិចបន្តួចប៉ុណ្ណោះ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទី រសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំ។
មន្ត្រីនគរបាល បានឱ្យដឹងថាៈ ជនសង្ស័យមានឈ្មោះ កែវ ដារ៉ា អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំ ។ ចំណែកឪពុក ជាជនរងគ្រោះ មានឈ្មោះ កែវ សុផល អាយុ ៦១ ឆ្នាំ មុខរបរ កសិករ រស់នៅផ្ទះជាមួយគ្នា ត្រូវរបួស ចំនួន ២ កាំបិតបុ័ងតោ យ៉ាងដំណំ។
បើតាមអ្នកភូមិ បានឱ្យដឹងថាៈ មុនពេលកើតហេតុ ជនសង្ស័យ ជាកូនប្រុស ត្រូវបានឪពុក ស្តីបន្ទោសបន្តិចបន្តួច ព្រោះតែកូនរូបនេះ មិនបានជួយធ្វើការផ្ទះ និងដើរលេង ទើបបង្កឱ្យមាន ទំនាស់ ពាក្យសម្តីគ្នា។ ខណៈនោះ ជនសង្ស័យ មានអាការខឹងសម្បារ ក៏ស្ទុះទៅទាញបាន កាំបិតបុ័ងតោ យកមកកាប់ទៅលើឪពុក បណ្ដាលឱ្យរងរបួស ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច មកធ្វើអន្តរាគមន៍ ឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ ឃាត់ខ្លួនបញ្ជូន ទៅអធិការដ្ឋាននគរបាល ស្រុកស្វាយជ្រំ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់៕