អាជ្ញាធរនិងមន្រ្តីសុខាភិបាលបានធ្វើសំណាកលើកទីមួយលើព្រះសង្ឃនៅវត្តខ្នាចរមាសជាង១០០អង្គរកឃើញវិជ្ជមានកូវីដ១៩ ចំនួនជិត៦០អង្គ និង ប្រជាពលរដ្ឋនៅភូមិខ្នាចរមាសរកឃើញជាង៤០នាក់។
លោក គុណសម្បត្តិមន្នីរ័ត្ន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបងបានអោយដឹងថាគិតត្រឹម ថ្ងៃទី២៧ខែកញ្ញានេះ មន្រ្តីសុខាភិបាលខេត្តបានធ្វើសំណាកលើកទី១ លើព្រះសង្ឃចំនួន១៣៥អង្គ ដែលគង់នៅវត្តខ្នាចរមាស ស្រុកបវេលខេត្តបាត់ដំបងរកឃើញវិជ្ជមានកូវីដ១៩ចំនួន ៥៨អង្គ។
រដ្ឋបាលស្រុកបវេលបានអោយដឹងថា ព្រះសង្ឃដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ត្រូវគង់ព្យាបាល ក្នុងមណ្ឌល ព្យាបាលវត្តខ្នាចរមាស ចំណែកព្រះសង្ឃដែលពាក់ព័ន្ធ ត្រូវធ្វើចត្តាឡីស័ក នៅវត្តផ្ទាល់ ដើម្បីរង់ចាំធ្វើសំណាកលើកទីពីរទៀត។
ទន្ទឹមនឹងនោះផងដែររដ្ឋបាលខេត្តបានសម្រេចបិទខ្ទប់ភ្លាមៗផងដែរ នៅទីតាំងបីកន្លែង នៅស្រុកបវេលខេត្តបាត់ដំបងនេះ ទីតាំងវត្តខ្នាចរមាស ផ្សារខ្នាចរមាស និង សាលាអនុវិទ្យាល័យ ខ្នាចរមាស ស្ថិតនៅភូមិខ្នាចរមាសឃុំខ្នាចរមាសស្រុកបវេលខេត្តបាត់ដំបង។ ការបិទខ្ទប់នេះបន្ទាប់ ពីរក ឃើញប្រជាពលរដ្ឋនៅភូមិខាងលើនេះ មានវិជ្ជមានកូវីដ១៩ ចំនួន៤២ នាក់ និង ព្រះសង្ឃគង់នៅវត្តខ្នាចរមាស៥៨អង្គផងដែរ។
អាជ្ញាធរបាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធប៉ះពាល់ផ្ទាល់ ឬប្រយោល នៅទីតាំងខាលើនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមណ្ឌលចត្តាឡីស័ក(អនុវិទ្យាល័យបវេលសាមគ្គី)៕













