ភ្នំពេញ៖ សមត្ថកិច្ចស្រុកឆែបខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានចុះបង្ក្រាបឈើផ្ចឹកជាច្រើនម៉ែត្រគូបនៅក្នុងទឹកអូរជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង ។
សមត្ថកិច្ចបានឲ្យដឹងថា ឈើផ្ចឹកប្រភេទក្តារបន្ទះវែងខ្លីរាប់សិបសន្លឹកត្រូវបានក្រុមឈ្មួញលួចកាប់ពីក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃព្រះរកាស្ថិតក្នុងស្រុកឆែបខេត្តព្រះវិហាររួចដឹកតាមគោយន្តមកទម្លាក់នៅមាត់ច្រាំងអូរ ត្រង់ចំណុចភូមិគុណភាព (ហៅប្រា)ឃុំឆែប២ ស្រុកឆែប ដើម្បីលើកដាក់ទូកមកត្រើយម្ខាងទៀតចូលទឹកដីខេត្តស្ទឹងត្រែងក្នុងបំណងបន្តដាក់តាមគោយន្តច្នៃដឹកចូលសិប្បកម្មជាច្រើនកន្លែងតំបន់នោះនៅស្រឡៅឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបន្តថា ឈ្មួញដឹកឈើពីខេត្តព្រះវិហារមកស្ទឹងត្រែងមានលក្ខណៈទ្រង់ទ្រាយធំនោះទើបសមត្ថកិច្ចមន្ត្រីដែនជម្រកសត្វព្រៃព្រះរកាឆែប មន្ត្រីព្រំប៉ូលិសដែន មន្ត្រីប៉ុស្តិ៍ឆែប២ និងមន្ត្រីយោធាស្រុកឆែបបានឆ្លងទឹកតាមទូកនៅចំណុចប្រាស្ថិតក្នុងភូមិគុណភាព ដើម្បីបង្ក្រាបឈើទាំងអស់ក្រោយពីឈ្មួញចម្លងតាមទូកមកខាងទឹកដីខេត្តស្ទឹងត្រែងដឹកត្រឡប់ទៅព្រះវិហារវិញ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍អន្លង់ជ្រៃមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃក៏បានចូលរួមស្ទាក់បទល្មើសនៅតំបន់នោះផងដែរ។ ក៏ប៉ុន្តែក្រោយមកក៏បានដកកម្លាំងមកវិញហើយឈើទាំងអស់នោះត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារប្រមូលយកទាំងអស់ដែលគេប៉ាន់ស្មានថាមិនក្រោម២០ម៉ែត្រគូបនោះឡើយ៕