នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យដោះលែងយានយន្តដែល ក្រសួងសាធារណការ ឃាត់ទុក ១ឆ្នាំ ក្នុងបទល្មើសនៃ ការដឹកជញ្ជូនលើសទម្ងន់

0
10

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។

សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃ ការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាល បានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញ កំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គម ផ្សេងៗទៀត។

ម្យ៉ាងវិញទៀត ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសការគាំទ្រដល់ការ រស់ឡើងវិញរបស់វិស័យឯកជន និងជាការលើកលែងបន្ធូរបន្ថយ និងផ្ដល់ឱកាសសារជាថ្មី នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដែល ក្រសួងសាធារណការ និងដឹកជញ្ជូនបានផាកពិន័យ និងការឃាត់ទុកយានយន្ត ក្នុងបទល្មើសដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ រាជរដ្ឋាភិបាលកម្ពុជានឹង អនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនដោះលែងយានយន្តទាំង ២២៩គ្រឿងខាងលើ ជូនទៅម្ចាស់យានយន្ត ដើម្បីប្រកបអាជីវកម្មឡើងវិញ។

ប៉ុន្តែយានយន្តទាំងឡាយណា ដែលមិនទាន់បង់ប្រាក់ពិន័យ ត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់ កំណត់ជាមុនសិនទើប អនុញ្ញាតឱ្យមានការដោះលែង។
ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយក្នុងឱកាស បុណ្យភ្ជុំបិណ្ឌនេះក៏ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ទាំងឡាយគោរព និងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹង បន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ហើយសូមឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែបន្តអនុវត្តយ៉ាងតឹងរ៉ឹង ចំពោះយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដោយមិនមានការលើកលែង ជាលើកទី២ ទៀតទេ។

ជាងនេះទៀត ក្រសួង ត្រូវខិតខំធ្វើការផ្សព្វផ្សាយ ជូនដំណឹងឱ្យបានទូលំទូលាយបន្ថែមទៀត អំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា ដល់សាធារណជនទូទៅ ឱ្យបានយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់។

ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាចក្រកម្ពុជា សូមកោតសរសើរ ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយឈរលើបទដ្ឋានច្បាប់ នៃការដឹកជញ្ជូន លើការរឹតបន្តឹងការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here