ឆ្មក់ចូលបង្ក្រាប ​ភោជនីយដ្ឋាន​យីហោ​ «​បាត់​អូន​»​ ឃាត់ខ្លួន​មនុស្ស ​៣០​នាក់​ ក្រោយ​ប្រមូលផ្តុំ​ជួបជុំ ​ផឹកស៊ីល្មើសបម្រាម

0
7

​ភ្នំពេញ​៖ ​កម្លាំង​ចម្រុះ​គណៈ​បញ្ជាការ​ ឯកភាព​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ឆ្មក់​ចូល​បង្ក្រាប​ភោជនីយដ្ឋាន ​មួយ​កន្លែង​យីហោ​ «​បាត់​អូន​»​ ដែល​បាន​ប្រព្រឹត្ត​ល្មើស​វិធានការ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​ចំនួន​៣០​នាក់​ ។​

​ប្រតិបត្តិការ​នេះ​ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​នៅ​វេលា​ម៉ោង ​២១​និង​០៥​នាទី​ ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២១​ ស្ថិត​នៅ​ទីតាំង​ផ្ទះ​លេខ​២​ ផ្លូវ​លេខ​៣៣៧​ ក្រុម​ទី​២៦​ ភូមិ​ទី​០៦​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​ ការ​បង្ក្រាប​នោះ​ដឹកនាំ​កម្លាំង​ ដោយ​លោក​ ទៀវ​ សំ​អឿ​ន​ និង​លោក​ កែវ​ សុភា​ អភិបាលរង​ខណ្ឌទួលគោក​ និង​លោក​វរសេនីយ៍ទោ​ នាក់​ សាន្ត​ អធិការរង​នគរបាល​ខណ្ឌទួលគោក​ ។​

​ការ​បង្ក្រាប​ភោ​ជនី​ដ្ឋា​ន​ «​បាត់​អូន​»​ នេះ​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ទទួល​គោក​ បញ្ជាក់​ឱ្យ​ដឹង​ថា​ ថៅកែ​ហាង​បាន​បំពាន ​មិន​គោរព​វិធានការ​រដ្ឋបាល​ ស្ដី​ពី​ការ​អនុវត្ត​វិធានការ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩​ ប្រភេទ​Delta​ បំប្លែង​ថ្មី​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​បាន​តម្រូវ​ឱ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​ ចំពោះ​សកម្មភាព​ការងារ​ មុខរបរ​ ឬ​ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់ ​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំ​កូ​វី​ដ​-១៩​ និង​ការ​ជួបជុំ​ ឬ​ ការ​ប្រមូលផ្តុំ​ មនុស្ស​ជា​លក្ខណៈឯកជន​ នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ សម្រាប់​រយ​:​ពេល​១៤​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២១​ រហូត​ដល់​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០២១​ ។​

​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ ពី​កម្លាំង​សមត្ថកិច្ច​ចុះ​ប្រតិបត្តិការ​ គឺ​បានឃើញ​មានការ​ប្រមូលផ្តុំ​ជួបជុំ​ ផឹកស៊ី​នៅ​ក្នុង​ហាង​នេះ​ចំនួន​ ៣​តុ​ និង​មានការ​ចាក់​ភ្លេង​កំដរ​អារម្មណ៍​ ដោយ​មាន​ភ្ញៀវ​ចំនួន​១៨​នាក់​ ស្រី​ ៧​នាក់​ និង​បុគ្គលិក​ចំនួន ​១២​នាក់​ ស្រី ៥​នាក់​ ។​

​មនុស្ស​ទាំង​ ៣០​នាក់​ខាងលើ​ ត្រូវ​បាន​ធ្វើតេស្ត​រហ័ស​រក​វីរុស​កូ​វី​ដ​-១៩​ គឺ​ពួក​គេ​អវិជ្ជមាន​ ។​ ទន្ទឹម​នោះ​ក្រុម​ប្រតិបត្តិការ​ ក៏​បាន​សម្រេច​បិទ​ហាង ​ជា​បណ្តោះអាសន្ន​ រង់ចាំ​ការ​សម្រេច​ជា​ក្រោយ​ ។​ ដោយឡែក​ មនុស្ស​ចំនួន​ ៣០​នាក់​នេះ​ផង​ដែរ​ ត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរ​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here