សហរដ្ឋអាមេរិកទើបតែបង់ប្រាក់ដែលខ្លួនជំពាក់ទៅឱ្យអង្គការសហប្រជាជាតិ (UN) កាលពីឆ្នាំ ២០១៨ និងការបង់ប្រាក់បន្ថែមខ្លះៗ ទៅតាមកាតព្វកិច្ចនៅក្នុងឆ្នាំ២០១៩។
អ្នកនាំពាក្យរបស់ UN បានឱ្យដឹងថា សហរដ្ឋអាមេរិកបានធ្វើការបង់ប្រាក់ ៥៦៣លានដុល្លារទៅដល់អង្គការសហប្រជាជាតិ (UN) ដើម្បីបញ្ចប់វិក័យប័ត្រប្រាក់បំណុលកាលពីឆ្នាំ២០១៨ ដែលខ្លួនបានជំពាក់ និងជាការបង់ប្រាក់បន្ថែមខ្លះៗ ទៅតាមកាតព្វកិច្ចនៅក្នុងឆ្នាំ២០១៩។
បើយោងតាមការបញ្ជាក់នោះគឺសហរដ្ឋអាមេរិកនៅជំពាក់ ៤៩១លានដុល្លារទៀត ចំពោះកាតព្វកិច្ចចំណាយសម្រាប់ទ្រទ្រង់អង្គការអន្តរជាតិ ខណៈដែលនៅពេលនេះសមាជិក UN ចំនួន ១៣៨ ក្នុងចំណោម ១៩៣ប្រទេស បានបង់ប្រាក់ពេញលេញទៅតាមកាតព្វកិច្ចរបស់ខ្លួនរួចរាល់ហើយ នៅក្នុងឆ្នាំ២០១៩។
អ្នកនាំពាក្យរបស់ UN បានលើកឡើងថា ការបង់ប្រាក់យឺតរបស់អាមេរិក បានបង្កឲ្យ UN ជួបប្រទះបញ្ហាជាច្រើនផងដែរ បន្ទាប់ពីការមានវិបត្តិផ្ទួនៗនាប៉ុន្មានខែមកនេះ ជាពិសេសក្រោយពីសហរដ្ឋអាមេរិកសម្រេចកាត់បន្ថយប្រាក់ ២៥% សម្រាប់ទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាពរបស់ UN នោះ៕