បន្ទាយមានជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានមនុស្ស០២នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តកាមារី០១គ្រឿងបុកជាមួយម៉ូតូ០២គ្រឿង នៅវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ២៥៦៣ ចន្លោះគីឡូម៉ែត្រលេខ១៥-១៦ ខាងលិចសាលាឃុំគោករមៀត ប្រហែល ៧០០ម៉ែត្រ ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នគរបាលប៉ុស្តិ៍រដ្ឋបាលគោករមៀត បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះ ប៊ិន ដា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក បើកម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខៀវ+ទឹកប្រាក់ គ្មានស្លាកលេខ ស្លាប់នៅកន្លែងកើតហេតុ និងប្រពន្ធរួមដំណើរឈ្មោះ កៃ យ៉ុន អាយុ៥២ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី។ ចំណែកជនរងគ្រោះស្លាប់ម្នាក់ទៀតឈ្មោះ ប្រម ថៃ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក បើកបរម៉ូតូម៉ាកវ៉េវ 110 ពណ៌ទឹកប្រាក់+ខៀវគ្មានស្លាកលេខ ស្លាប់នៅមន្ទីរពេទ្យមង្គលបូរី។
ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុម៉ូតូ០២គ្រឿង បានធ្វើដំណើរក្នុងទិសដៅពី កើតទៅលិច។ ពេលដល់ចំណុចកើតហេតុ ត្រូវបានបានរថយន្តកាម៉ារី០១គ្រឿង ពាក់ស្លាកលេខ សៀមរាប 2A-3202 ពណ៌ប៉ៃតងចាស់ ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា បានរេចង្កូតទៅបុកម៉ូតូទាំង០២គ្រឿង ពេញទំហឹងតែម្តង ហើយរថយន្តបានជ្រុលធ្លាក់ចូលក្នុងវាលស្រែ។ រីឯអ្នកបើកបររត់បានរត់គេចខ្លួនបាត់។
នគរបាលបានបញ្ជាក់ថា មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបររថយន្តបើកលឿនខ្វះការប្រុងប្រយ័ត្ន (ឡើងជែង)។
បច្ចុប្បន្ន មធ្យោបាយទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកថ្មពួក។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕