អាជ្ញាធរភ្នំពេញ ណែនាំឲ្យពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ក្នុងថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ

0
8

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវក្នុងថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ដោយសារបុគ្គលិកប្រមូលសម្រាមឈប់សម្រាក ទៅលេងស្រុកកំណើត។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១បានឲ្យដឹងថា ដូមជូនដំណឹងដល់ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌចំនួន ចាប់ពីថ្ងៃ ទី៥-៧ ខែតុលា ឆ្នាំ២០២១ បុគ្គលិក-កម្មករ-កម្មការិនីរបស់ក្រុមហ៊ុន 800 Super GAEA (Cambodia) Co., Ltd, ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd និងក្រុមហ៊ុន Cintri/Everbright មួយចំនួន ត្រូវបានឈប់សម្រាកពីការងារ ដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគាត់នៅតាមបណ្តាខេត្តនានា ជាហេតុធ្វើឱ្យការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ មានភាពរអាក់រអួលមិនបានពេញលេញដូចថ្ងៃធម្មតានោះទេ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “ដូចនេះដើម្បីថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ សូមកុំបញ្ចេញសំរាម សំណល់រឹងមកដាក់នៅតាមដងផ្លូវសាធារណៈ នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ដោយសូមរក្សាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១”។

ជាមួយគ្នានោះរដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម និងបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់ នឹងចូលរួមចំណែកថែរក្សាអនាម័យបរិស្ថាននៅរាជធានីភ្នំពេញយើងឱ្យបានល្អប្រសើរតាមការជូនដំណឹងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here