បាត់ដំបង៖ នគរបាលស្រុកថ្មគោលនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៩និង២០នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ត្រា ថាវ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរទាក់ទងនឹងករណីរំលោភសេពសន្ថវៈលើជនរងគ្រោះជាអនីតិជនអាយុ១២ឆ្នាំ។
នគរបាលស្រុកថ្មគោល បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទី នៅចំណុចមូលដ្ឋានខាងលើជនសង័្សយរូបនេះបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើក្មួយស្រីសាច់ថ្លៃរបស់ខ្លួនឈ្មោះ ម រ អាយុ១២ឆ្នាំ រស់នៅមូលដ្ឋានខាងលើបានសម្រេច។ លុះដល់ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២១ ម្តាយរបស់ជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាលអំពីករណីនេះ ហើយពេលបន្ទាប់សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនរូបគាត់មកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចរូបគាត់បានឆ្លើយសារភាពថា ពិតជាបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈទៅលេីក្មួយស្រីជាអនីតិជនកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕