ខឹងអ្នកជិតខាងនិងយាយច្រើនពេក ទាញមួកសុវត្ថិភាពវាយប្រាវរបួសដេរ៥ថ្នេរ

0
8

ភ្នំពេញ៖ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួន បុរសម្នាក់បន្ទាប់ពីបុរសរូបនេះខឹងអ្នកជិតខាងស្តីថាណែនាំរឿងដដែលៗពេកក៏ស្ទុះវឹងទាញបានមួកសុវត្ថិភាព វាយបែកក្បាលហូរឈាមកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ចាន់ សុខុម អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី រស់នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះជាអ្នកជិតខាងផ្ទះជាប់គ្នា ឈ្មោះពៅ គឹមឡាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករដឹកនំបុ័ង ត្រូវបានក្រុមគ្រួសារនាំយកទៅឱ្យពេទ្យព្យាបាលដេរអស់៥ថ្នេរ។

តាមសម្តីជនបង្កហេតុបានសារភាពថា ខ្លួនពិតជាបានវាយអ្នកជិតខាងបណ្តាលឲ្យរងរបួសមែន ហើយមុនកើតហេតុនេះ ជនរងគ្រោះចេះតែនិយាយស្តីបន្ទោសពាក្យដដែលៗថាខ្លួនមិនចេះជួយការងារគ្រួសារ ទោះបីជាខ្លួនប្រាប់ថាឲ្យឈប់និយាយក៏ដោយ ក៏ជនរងគ្រោះនៅតែនិយាយដដែលៗ ទើបអត់ទ្រាំមិនបានខ្លួនក៏ស្ទុះទៅទាញមួកសុវត្ថិភាពវាយទៅលើក្បាលជនរងគ្រោះបណ្តាលឲ្យបែកហូរឈាមតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅពេទ្យ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចនាំចូលប៉ុស្តិ៍នគរបាលធ្វើការសាកសួរបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here