៣ថ្ងៃបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរណ៍ចេញដើរកម្សាន្តជាង៦៦ម៉ឺននាក់

0
8

ភ្នំពេញ៖ តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដើរទស្សនា កម្សាន្តសរុប ៦៦៤,៦៩៧ នាក់។

យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេល៣ថ្ងៃនេះ រួមមាន៖ ខេត្តកំពត ១០២,៥៩៣ នាក់, ខេត្តកែប ៩៦,៤៧១ នាក់, ខេត្តព្រះសីហនុ ៨០,៥១៩ នាក់, ខេត្តពោធិ៍សាត់ ៥០,១០៩ នាក់, ខេត្តកំពង់ស្ពឺ ៣៩,៦៤២ នាក់, ខេត្តបាត់ដំបង ៣៧,៧២៤ នាក់, ខេត្តកំពង់ចាម ៣៦,១៤០ នាក់, ខេត្តសៀមរាប ៣៣,២២២ នាក់។

នាថ្ងៃឈប់សម្រាកទី៣នេះ គ្រប់គោលដៅទេសចរណ៍ទាំង២៥រាជធានីខេត្ត បានបើកដំណើរការទទួលភ្ញៀវទេសចរ រាប់ទាំងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានផ្អាកដំណើរការរមណីយដ្ឋានាថ្ងៃឈប់សម្រាកទី១ និងទី២ផងដែរ។

ទន្ទឹមនឹងនេះ ចរន្តភ្ញៀវនៅបន្តដើរកម្សាន្តរហូតដល់ចុងសប្តាហ៍ ខណៈដែលការធ្វើដំណើរចូលរាជធានីភ្នំពេញ នៅមិនទាន់មានភាពកកកុញនៅឡើយ។ បន្ទប់ស្នាក់នៅនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ត្រូវបានភ្ញៀវ កក់ពេញស្ទើរទាំងស្រុងនៅថ្ងៃទី១ និងទី២។ ប៉ុន្តែថ្ងៃទី៣នេះ ការកក់មានការថមថយខ្លះដោយសារប្រជាជន មួយចំនួនបានវិលត្រលប់ចូលភ្នំពេញវិញ។

ភ្ញៀវទេសចរភាគច្រើន ជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើន គោលដៅជាលក្ខណៈរង្វង់ខ្សែទស្សនកិច្ច។ ជានិន្នាការថ្មីនោះ គឺភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសកន្លែង ស្នាក់នៅដែលមានចង្រ្កានបាយ ឬកន្លែងចម្អិនអាហារភ្ជាប់ជាមួយ ខណៈដែលភ្ញៀវខ្លះទៀតជ្រើសរើសការទទួល ទានអាហារជាលក្ខណៈសាច់អាំងគ្រួសាររៀបចំដោយខ្លួនឯង ហើយខ្លះទៀតក៏រៀបចំម្ហូបអាហារ ឬចង្រ្កានអាំងសាច់ និងប្រដាប់ប្រដាធ្វើម្ហូបផ្ទាល់ខ្លួនដាក់ក្នុងរថយន្តក្នុងពេលធ្វើដំណើរកម្សាន្តផងដែរ ដើម្បីកាត់បន្ថយការជួបជុំក្រុមភ្ញៀវផ្សេង និងសន្សំសំចៃថវិកាបានខ្លះ។

ប្រជាពលរដ្ឋភាគច្រើនបានចូលរួមអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ពិសេសការពាក់ម៉ាស់ស្ទើរគ្រប់ ១០០%។ ប៉ុន្តែការរក្សាគម្លាតនៅតែជាកត្តាចម្បងដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់អប់រំណែនាំ និងក្រើនរំលឹក បន្ថែមទៀត ពិសេសនៅតាមគោលដៅទេសចរណ៍មួយចំនួនដែលមានការទាក់ទាញខ្លាំង។

នៅតាមគោលដៅទេសចរណ៍ទាំងអស់ ក្រុមការងារររដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ បានខិតខំប្រឹងប្រែង ចុះពិនិត្យ អប់រំណែនាំការអនុវត្តវិធានការ “៣កុំ និង ៣ការពារ” វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដា អប្បបរមា (SOP)។

គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដែលមានសមាសភាពចម្រុះពីអង្គភាពជំនាញពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន បានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ចរាចរណ៍ ការគ្រប់គ្រងលំហូរភ្ញៀវទេសចរ ដែលមានចំនួនច្រើន និងការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ក្រោមស្ថានភាពភ្លៀងធ្លាក់ជោគជាំនៅតាម តំបន់មួយចំនួន។

សូមជម្រាបថា ភ្ញៀវសរុបសម្រាប់ថ្ងៃទី៣នេះ មានចំនួន ២៤៤,២៥៦ នាក់ (ថយចុះប្រមាណ ១០.០១% ធៀបនឹងថ្ងៃទី២ ប៉ុន្តែបើធៀបនឹងថ្ងៃទី១ គឺកើនឡើងប្រមាណ ៦៣.៩២%) ក្នុងនោះភ្ញៀវជាតិ ២៤២,៨៨១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,៣៧៥ នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here