ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្តេជ្ញាបញ្ចប់ បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ។
យោងតាម លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា៖
ទី១- អនុវត្តឲ្យបានម៉ឺងម៉ាត់ តាមសេចក្ដីជូនដំណឹងលេខ៤៤២ សជណ.ហធ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពី ការអនុវត្តវិធានការលើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជន ដែលជ្រោកក្រោមផ្លាកលេខក្រសួង ស្ថាប័នរដ្ឋ ជាពិសេសផ្លាកលេខ ខ.ម និង ន.ប ដើម្បីឲ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូល ស្របតាមច្បាប់ និងបទប្បញ្ញត្តិស្ដីពីគយ ។
ទី២- ចំពោះម្ចាស់រថយន្តឯកជន ជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងពុំមាន ក្នុងបញ្ជីទ្រព្យរដ្ឋ របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរួសរាន់ ចូលមកបង់ពន្ធ និងអាករឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះ បន្ធូរបន្ថយពន្ធ នៃប្រាក់ពន្ធអាករ សរុបពី១០០% មកត្រឹមតែ៩០% ។ ប៉ុន្តែចំពោះរថយន្តទំនើប ដែលទើបនាំចូល ក្នុងឆ្នាំ២០២១ ត្រូវបង់ពន្ធ និងអាករ១០០% ដដែល ។ ប្រសិនជាម្ចាស់យានយន្ត មិនបានបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករនោះទេ គឺក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នឹងត្រូវយកពន្ធ និងអាករពេញ១០០% ព្រមទាំងត្រូវទទួលរងការផាកពិន័យទៀត ។
ទី៣- ចំពោះម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ ត្រូវរួសរាន់មកបង់ប្រាក់ពន្ធអាករ ហើយទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ ចំនួន ១០%ដែរ និងត្រូវយករថយន្តទៅកែចង្កូត ឲ្យបានរួចរាល់មុន ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ មិនអនុញ្ញាតឲ្យរថយន្តឯកជន ដែលមានចង្កូតស្ដាំ ធ្វើដំណើរលើផ្លូវសាធារណៈ ទៀតនោះឡើយ លើកលែងតែរថយន្តចង្កូតស្ដាំ មួយចំនួន ដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ជាលក្ខណៈពិសេស ដូចជារថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តដឹកសំរាម ជាដើម ។
ទី៤- ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ត្រូវសហការជាមួយគយ ដើម្បីបង្កើនសកម្មភាពទប់ស្កាត់ និងបង្ក្រាបរថយន្តគ្មានពន្ធ ។ ក្នុងករណីចាំបាច់ ប្រសិនបង្ក្រាបបានរថយន្តសេរីទំនើប គ្មានពន្ធ ដែលម្ចាស់ជាមេទ័ព មេប៉ូលីស ឬជាអ្នកធំ ក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ជាដើម ដែលមិនគោរពច្បាប់ និងបន្តប្រើប្រាស់រថយន្តនោះ ត្រូវរាយការណ៍អំពីអត្តសញ្ញាណម្ចាស់រថយន្ត ជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសម្តេចមានវិធានការដកមុខតំណែង និងបណ្ដេញចេញពីគណបក្ស ថែមទៀត ។
ទី៥- ទាំងអស់គ្នា ត្រូវចូលរួមអនុវត្តច្បាប់ ឲ្យបានម៉ឺងម៉ាត់ ។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធ និងអាករមិនអាចចរាចរលើដងផ្លូវបានឡើយ គឺជារថយន្តខុសច្បាប់ដែលនឹងត្រូវរងវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត៕