ភ្នំពេញ៖ នៅឆ្នាំ២០២១នេះ រាជរដ្ឋាភិបាល នឹងមិនរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនោះទេដោយសារបញ្ហាជំងឺកូវីដ១៩។ នេះជាការថ្លែងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។
សម្តេច ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវនេះយើងចូលដល់ខែតុលា បើតាមការសម្រេចរបស់រាជរដ្ឋាភិបាល គឺឆ្នាំនេះយើងមិនបានធ្វើបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដូចបណ្តាឆ្នាំមុនៗទេ ដោយសារបញ្ហាកូវីដនេះឯង»។
ទោះជាមិនអាចរៀបចំព្រះរាជពិធីបុណ្យជាតិដ៏ធំនេះបាន សម្តេចក្រឡាហោម បានកោតសរសើរពីយុទ្ធការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលទទូលបានផលគួរជាទីមោទនៈ៕